(ហ្គាហ្សា)៖ ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២០ នាក់នៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃពុធនេះ ខណៈដែលយោធាអ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែករបស់ខ្លួន និងបានចេញបញ្ជាថ្មីដល់អ្នកស្រុកឱ្យជម្លៀសចេញពីតំបន់ប្រយុទ្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មា​ន Reuters នៅថ្ងៃពុធ ទី១៩ ខែមីនា​ ឆ្នាំ ២០២៥។

ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា ជនបរទេសម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងនៃទីស្នាក់ការអង្គការសហប្រជាជាតិ នៅកណ្តាលទីក្រុងហ្គាហ្សានៅថ្ងៃពុធនេះ។ ទោះជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែលបានបដិសេធនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនបានវាយប្រហារបរិវេណអង្គការសហប្រជាជាតិក្នុងទីក្រុង Deir al-Balah នោះទេ។ ពួកគេបានបញ្ជាក់ថា ពួកគេបានវាយប្រហារទីតាំងក្រុមហាម៉ាស់នៅភាគខាងជើងហ្គាហ្សា ជាកន្លែងដែលខ្លួនបានរកឃើញការរៀបចំសម្រាប់ការបាញ់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សជាង ៤០០ នាក់ ដែលជាចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃដ៏ខ្ពស់បំផុតមួយចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដែលបានបញ្ចប់ភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ ចាប់តាំងពីបទឈប់បាញ់កាលពីខែមករា។ អ៊ីស្រាអែលបានព្រមានថា ការវាយប្រហារនេះគឺគ្រាន់តែជា «ការចាប់ផ្តើម» ប៉ុណ្ណោះ។

គួរបញ្ជាក់ថា អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​បាន​ចោទ​គ្នា​ទៅវិញទៅមក​ពី​បទ​រំលោភ​បទ​ឈប់​បាញ់ ដែល​បាន​ផ្ដល់​ការ​សម្រាក​ដល់​ប្រជាជន​ហ្គាហ្សា ២.៣ លាន​នាក់ ក្រោយ​សង្គ្រាម ១៧ ខែ​ដែល​បាន​បំផ្លិចបំផ្លាញ​តំបន់​នេះ និង​បង្ខំ​ឲ្យ​ប្រជាជន​ភាគច្រើន​ភៀសខ្លួន។ អ៊ីស្រាអែល​ចោទ​ហាម៉ាស់​ថា​ប្រើ​ជនស៊ីវិល​ជា​ខែល​មនុស្ស ខណៈ​ហាម៉ាស់​បដិសេធ និង​ចោទ​អ៊ីស្រាអែល​ពី​បទ​ទម្លាក់​គ្រាប់បែក​មិន​រើសមុខ៕