(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំឡើងវិញប្រឆាំងក្រុមហាម៉ាស កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា ដែលនេះបាននិងកំពុងបំផ្លាញបទឈប់បាញ់ដ៏ផុយស្រួយមួយ ព្រមទាំងក្ដីសង្ឃឹមសម្រាប់ការបិទបញ្ចប់សង្រ្គាមដ៏មហន្តរាយក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់ជីវិតជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ និងបន្សល់ទុកការបំផ្លិចបំផ្លាញយ៉ាងសម្បើមនៅលើដែនដីប៉ាឡេស្ទីន មួយនេះ។ តាមក្រសួងសុខាភិបាលហ្កាហ្សា មនុស្សជាង ៤០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកាលពីថ្ងៃអង្គារ នៅទូទាំងតំបន់ហ្កាហ្សា។
ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ធ្វើឡើងដោយសារតែហាម៉ាសបានបដិសេធ ដោះលែងចំណាប់ខ្មាំង និងបានច្រានចោលសំណើពន្យារបទឈប់បាញ់។ លោក Netanyahu ផ្ទាល់ក៏បានព្រមានដែរថាការវាយប្រហារដែលសម្លាប់មនុស្សជាង៤០០នាក់ ក្នុងពេលតែមួយពព្រិចភ្នែកនេះទើបតែ ជាការចាប់ផ្ដើមប៉ុណ្ណោះ ខណៈកងកម្លាំងការពារអ៉ីស្រាអែល IDF បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសនឹងបន្តធ្វើឡើងក្នុងករណីចាំបាច់ ហើយប្រតិបត្តិការយោធាក៏អាចនឹងត្រូវបានពង្រីកលើសពី ការវាយប្រហារតាមផ្លូវអាកាសផងដែរ។ សេតវិមានវិញបានអះអាងថាអ៉ីស្រាអែលបានពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ មុននឹងបើកការវាយប្រហារ ហើយបានទម្លាក់ការទទួលខុសត្រូវចំពោះ ការចាប់ផ្ដើមឡើងវិញនៃសង្រ្គាមនៅហ្កាហ្សាទៅលើក្រុមហាម៉ាស។ ក៏ប៉ុន្តែ ក្រុមហាម៉ាសបានចោទអ៉ីស្រាអែលថាជាអ្នកលុបចោលបទឈប់បាញ់ដោយឯកតាភាគី និងកំពុងធ្វើឱ្យអាយុជីវិតរបស់ចំណាប់ខ្មាំង ស្ថិតក្នុងគ្រោះថ្នាក់។
* ហេតុអ្វីបានជាបទឈប់បាញ់ដួលរលំ?
អ៉ីស្រាអែល និងហាម៉ាស បានយល់ព្រមទទួលយកបទឈប់បាញ់មួយចែកចេញជា៣ដំណាក់កាល ហើយដែលដំណាក់កាលទី១បានចូលជាធរមានកាលពីខែមករាកន្លងទៅ និងគេបានមើលឃើញការដោះលែង ចំណាប់ខ្មាំងមួយចំនួននៅហ្កាហ្សា ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំនៅអ៉ីស្រាអែល។ ក៏ប៉ុន្តែ កិច្ចចរចាសម្រាប់ដំណាក់កាលទី២ នៃបទឈប់បាញ់ដែលនឹងតម្រូវឱ្យមានការដោះលែង ចំណាប់ខ្មាំងនៅសេសស់ទាំងអស់ រួមទាំងការដកកងទ័ពអ៉ីស្រាអែលចេញពីហ្កាហ្សាទាំងស្រុង បានជាប់គាំង ខណៈភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពានលើបទឈប់បាញ់។ តាមក្រុមអ្នកវិភាគ ហាម៉ាសមិនចង់ដោះលែងចំណាប់ខ្មាំងដែលជាឥទ្ធិពលចម្បងរបស់ខ្លួននៅឯតុចរចា ដោយមិនមានការធានានូវបទឈប់បាញ់អចិន្ត្រៃយ៍ និងការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សា នោះទេ។ អ៉ីស្រាអែលបានជំទាស់យ៉ាងខ្លាំងទៅនឹងការបន្តគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅហ្កាហ្សា ហើយលោក Netanyahu ថែមទាំងបានសន្យាទៀតផងថានឹងកម្ទេចហាម៉ាស ដែលនេះជាហេតុធ្វើឱ្យ ដំណាក់កាលទី២ នៃបទឈប់បាញ់ត្រូវជាប់គាំង។
នៅបន្ទាប់ពីដំណាក់កាលទី១ នៃបទឈប់បាញ់អស់សុពលភាពកាលពីថ្ងៃទី១ ខែមីនា អ៉ីស្រាអែលបានចាប់ផ្ដើមបិទខ្ទប់ការបញ្ជូនជំនួយមនុស្សធម៌ចូលតំបន់ហ្កាហ្សាឡើងវិញ ក្នុងពេលដែលខ្លួនបង្កើនការដាក់សម្ពាធ លើហាម៉ាសឱ្យយល់ព្រមទទួលយកការពន្យារបទឈប់បាញ់នេះ និងពន្លឿនការដោះលែងចំណាប់ខ្មាំងក្រោមសំណើមួយស្នើឡើងដោយលោក Steve Witkoff ជាបេសកជនពិសេសទទួលបន្ទុកកិច្ចការតំបន់មជ្ឈិបូព៌ា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែទាំងអ៉ីស្រាអែល និងហាម៉ាសនៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗមួយចំនួន និងគ្មានការឯកភាពណាមួយត្រូវបានសម្រេចឡើង ធ្វើឱ្យបទឈប់បាញ់ ស្ថិតក្នុងភាពស្រពេចស្រពិល រហូតដល់អ៉ីស្រាអែលលែងខ្វល់នឹងបទឈប់បាញ់ជាមួយការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំកាលពីថ្ងៃអង្គារ។
លោក Aaron David Miller ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានស្រាវជ្រាវ Carnegie Endowment for International Peace មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាក្រុមហាម៉ាសនឹងមិនព្រមដោះលែង ចំណាប់ខ្មាំងដែលនៅរស់ទាំងអស់ និងចំណាប់ខ្មាំងដែលបានស្លាប់នោះទេ រហូតទាល់តែពួកគេទទួលបានការធានាយ៉ាងរឹងមាំថាអ៉ីស្រាអែលនឹងដកកងទ័ពចេញពីហ្កាហ្សា ហើយសង្រ្គាមត្រូវបិទបញ្ចប់ទាំងស្រុង។ តែរឿងដែលសំខាន់គឺគ្មាននរណាម្នាក់ ហើយក៏មិនមែនជា UN ឬសហរដ្ឋអាមេរិកដែលអាចផ្ដល់ឱ្យហាម៉ាស់នូវការធានាទាំងនោះឡើយ។ ម្យ៉ាងវិញទៀត មានការជឿជាក់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៉ីស្រាអែល ថាលោក Netanyahu បានចាត់ទុកសង្រ្គាមនៅហ្កាហ្សាជាអាយុជីវិតនយោបាយរបស់លោក ដែលបើកាលណាសង្រ្គាមបញ្ចប់ ជីវិតនយោបាយរបស់លោកក៏ប្រហែលជាត្រូវបញ្ចប់ទៅតាមដែរ។ ពីព្រោះថាអ្នកនយោបាយ ស្ដាំនិយមជ្រុលជួរក្នុងរដ្ឋាភិបាលចម្រុះរបស់លោក Netanyahu បានគំរាមថាពួកគេនឹងធ្វើឱ្យរដ្ឋាភិបាលចម្រុះនេះដួលរលំ ប្រសិនបើលោក Netanyahu យល់ព្រមបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សាជាអចិន្ត្រៃយ៍។ លោក Itamar Ben Gvir ជាមេដឹកនាំនៃគណបក្ស Jewish Power ដែលជាបក្សស្ដាំនិយមជ្រុលបានដកខ្លួនចេញពីរដ្ឋាភិបាលជាការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមករា។ តែគណបក្សនេះបានប្រកាស វិលត្រឡប់ចូលរួមក្នុងរដ្ឋាភិបាលចម្រុះវិញ ក្រោយការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃអង្គារ។ លើសពីនេះទៅទៀត លោក Netanyahu ខ្លួនឯងក៏កំពុងប្រឈមមុខនឹងសវនាការលើបទចោទប្រព្រឹត្តអំពើពុករលួយផងដែរ។ ក៏ប៉ុន្តែ ការចាប់ផ្ដើមធ្វើសង្រ្គាមឡើងវិញកាលពីថ្ងៃអង្គារ បានធ្វើឱ្យការផ្ដល់សក្ខីកម្មតាមគ្រោងទុករបស់លោក Netanyahu នៅក្នុងសវនាការ ត្រូវបានលុបចោល។
* តើអាចនឹងមានទីបញ្ចប់ដ៏រីករាយដែរឬទេ?
លោក Netanyahu បានព្រមានកាលពីថ្ងៃអង្គារ ទី១៨ ខែមីនាថាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ហ្កាហ្សាដែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយថា ការវាយប្រហារបន្ថែមទៀតនឹងត្រូវធ្វើឡើង។ ជាមួយការគំរាមបែបនេះ វាធ្វើឱ្យលទ្ធភាពដែលបទឈប់បាញ់អាចត្រូវបានជួយសង្រ្គោះ ឬស្ដារឡើងវិញនៅពេលអនាគតដ៏ខ្លីគឺមានភាគរយតិចតួចណាស់។ តាមលោក Miller ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលត្រូវបានធ្វើឡើងក្នុងគោលបំណងដាក់សម្ពាធឱ្យក្រុមហាម៉ាសទទួលយកការទាមទាររបស់អ៉ីស្រាអែល។ តែទោះបីជាបទឈប់បាញ់អាចត្រូវបានសង្រ្គោះដោយ ក្រុមអ្នកសម្របសម្រួលអន្តរជាតិដោយមធ្យោបាយណាមួយក៏ដោយ ក៏វាប្រហែលជានឹងមិនមានទីបញ្ចប់មួយដ៏រីករាយមួយនោះដែរ។ លោក Miller បន្ថែមថា «ក្រុមហាម៉ាសនឹងមិនត្រូវបានកម្ទេចនោះទេ ហើយពួកគេនឹង នៅតែមានឥទ្ធិពលក្នុងតំបន់ហ្កាហ្សា។ ដូច្នេះគ្មានរដ្ឋាភិបាលអ៉ីស្រាអែលណាមួយនឹងយល់ព្រមបោះបង់ចោលការទទួលខុសត្រូវសន្តិសុខទាំងមូលលើតំបន់ហ្កាហ្សានោះឡើយ ដរាបណាមិនអាចរកកម្លាំងសន្តិសុខផ្សេង ណាមួយមកជំនួសអ៉ីស្រាអែល ឬក៏កម្ចាត់ក្រុមហាម៉ាសពីការគ្រប់គ្រងតំបន់ហ្កាហ្សាបានទេនោះ។
គួរបញ្ជាក់ថា ការវាយប្រយុទ្ធគ្នាឡើងវិញ ក៏អាចនឹងធ្វើឱ្យស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ្កាហ្សាដែលកំពុងអាក្រក់ស្រាប់នោះកាន់តែយ៉ាប់យ៉ឺនថែមទៀត ហើយធ្វើឱ្យអាយុជីវិតរបស់ចំណាប់ខ្មាំងស្ថិតក្នុងគ្រោះថ្នាក់។ ក្រុមគ្រួសារសាច់ញាតិចំណាប់ខ្មាំង បាននាំគ្នាធ្វើការអំពាវនាវឱ្យមានបាតុកកម្មតវ៉ានៅក្រៅការិយាល័យរបស់លោក Netanyahu ក្នុងទីក្រុងហ្ស៊េរុយសាឡិម និងបានព្រមានកាលពីថ្ងៃអង្គារថាការចាប់ផ្ដើមសង្រ្គាមឡើងវិញ នឹងនាំទៅរកការសម្លាប់ចំណាប់ខ្មាំងដែលនៅរស់រានមានជីវិត។ មិនតែប៉ុណ្ណោះ កាន់តែសំខាន់ ការអូសបន្លាយសង្រ្គាមនៅហ្កាហ្សានឹងបង្កអស្ថិរភាពកាន់តែខ្លាំងដល់តំបន់មជ្ឈិមបូព៌ាទាំងមូល ដោយគេបានឃើញថាសង្រ្គាមហ្កាហ្សាបានដុតបញ្ឆេះឱ្យមានភាពតានតឹងទូទាំងតំបន់ រហូតឈានទៅដល់ជម្លោះនៅលីបង់រវាងអ៉ីស្រាអែល និងហេសបូឡា ការវាយប្រហារសងសឹកគ្នាដោយផ្ទាល់រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ព្រមទាំង ការវាយប្រហារដោយក្រុមហ៊ូទីនៅយេម៉ែន លើកប៉ាល់ដឹកទំនិញរបស់អ៉ីស្រាអែល និងកប៉ាល់ដឹកទំនិញផ្សេងទៀតក្នុងតំបន់សមុទ្រក្រហម៕