(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានទំនាក់ទំនងល្អ និងប្តេជ្ញាចិត្តស្តារឡើងវិញនូវទំនាក់ទំនងដែលខូចខាតយ៉ាងធ្ងន់ធ្ងររវាងសហរដ្ឋអាមេរិក និងរុស្ស៊ីជាជំហានៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មា​ន Reuters នៅថ្ងៃពុធ ទី១៩ ខែមីនា​ ឆ្នាំ ២០២៥។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងបន្ទាប់ពីលោកពូទីន និងលោក ត្រាំ បាននិយាយតាមទូរសព្ទកាលពីថ្ងៃអង្គារ ហើយមេដឹកនាំរុស្ស៊ីបានយល់ព្រមបញ្ឈប់ការវាយប្រហារលើទីតាំងថាមពលរបស់អ៊ុយក្រែនជាបណ្តោះអាសន្ន ប៉ុន្តែបានបដិសេធមិនគាំទ្របទឈប់បាញ់រយៈពេល ៣០ ថ្ងៃពេញលេញ ដែលលោក ត្រាំ សង្ឃឹមថាជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍នោះទេ។

លោក Peskov បាននិយាយថា «ខ្ញុំអាចនិយាយដោយមានទំនុកចិត្តខ្ពស់ថា ប្រធានាធិបតីពូទីន និងលោក ត្រាំ យល់គ្នាទៅវិញទៅមកបានល្អ ជឿទុកចិត្តគ្នាទៅវិញទៅមក និងមានបំណងធ្វើការឆ្ពោះទៅរកភាពប្រក្រតីនៃទំនាក់ទំនងរុស្ស៊ី-អាមេរិកមួយជំហានម្តងៗ»

លោក Peskov បាន​បន្ថែម​ថា ខ្សែ​ទូរស័ព្ទ​និង​វីដេអូ​ផ្ទាល់​រវាង​ប្រធានាធិបតី​នៃ​ប្រទេស​ទាំងពីរ​មាន​ជា​យូរ​មក​ហើយ តែ​កម្រ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​អំឡុង​រដ្ឋបាល​លោក Biden។ លោក​សង្ឃឹម​ថា​ខ្សែ​ទំនាក់​ទំនង​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ញឹកញាប់​ជាង​មុន។ លោក​ក៏​បាន​ទទួល​ស្គាល់​ថា​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​រដ្ឋបាល​មុនៗ ហើយ​ថា​ការ​ស្ដារ​ឡើង​វិញ​នឹង​ទាមទារ​ពេលវេលា ការ​ខិតខំ និង​ឆន្ទៈ​របស់​មេដឹកនាំ​ទាំងពីរ៕