ពុទ្ធោ ! ពួក ISIS ទើបប្រហារជីវិតមនុស្ស ២៣២នាក់ និងចាប់ជនជាតិអ៊ីរ៉ាក់ ១ពាន់នាក់ទៀតជាចំណាប់ខ្មាំង ជាការសងសឹកនឹងគំរោងវាយលុកទីក្រុង Mosul
28-10-2016 18:04
(ហ្ស៊ឺណែវ)៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS បានប្រហារជីវិតមនុស្ស ដែលភាគច្រើនជាជនជាតិអ៊ីរ៉ាក់ ប្រមាណ២៣២នាក់ នៅក្បែរទីក្រុង Mosul ដើម្បីជាការសងសឹកទៅនឹងសហរដ្ឋអាមេរិក និងប្រតិបត្តិការ យោធារបស់កងទ័ពអ៊ីរ៉ាក់ សហការជាមួយកងទ័ពឃើដ នាប៉ុន្មានសប្តាហ៍មកនេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។
ក្រៅពីការសម្លាប់មនុស្សដ៏កម្រោលនេះ កងកម្លាំងរបស់ពួក ISIS ក៏បានចាប់មនុស្សជាង ១,០០០នាក់ទៀត ទុកធ្វើជាចំណាប់ខ្មាំងផងដែរ ខណៈកងទ័ពអ៊ីរ៉ាក់និងឃើដកំពុងត្រៀមវាយលុយចូលទីក្រុង Mosul ដែលជាស្នូលនៃក្រុម ISIS ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមព័ត៌មានដែលចេញផ្សាយដោយ ទូរទស្សន៍ Al Jazeera ក្នុងទីក្រុងដូហា ដកស្រង់ពីអ្នកនាំពាក្យនៃអង្គការសហប្រជាជាតិ ដែលបានថ្លែងនៅថ្ងៃសុក្រ៕