Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ី នឹងទិញនាវាល្បាតពីចិន ខណៈកំពុងមើលមុខមិនសូវចំជាមួយសហរដ្ឋអាមេរិក

28-10-2016 17:49

(គូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ី នឹងចុះហត្ថលេខាទិញនាវាល្បាតពីចិន នៅអំឡុងនៃដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រី Najib Razak ទៅកាន់ទីក្រុងប៉េកាំងនៅសបា្ដហ៍ក្រោយនេះ ដែលនេះអាចជា សញ្ញាថ្មីមួយក្នុងការបោះដៃទៅរកចិន ខណៈរដ្ឋាភិបាលរបស់លោកកំពុងថ្នឹងថ្នាក់ចិត្តនឹងសហរដ្ឋអាមេរិក ដោយសាររឿងទីក្រុងវ៉ាស៊ីតោន បើកការស៊ើបអង្កេត និងរំាងខ្ទប់មូលនិធិ 1MDB (1Malaysia Development Berhad) ដែលត្រូវបានគេចោទថាបានមកពីអំពើពុករលួយ។ នេះបើយោងតាមគេហទំព័រ Facebook ក្រសួងការពារជាតិម៉ាឡេស៊ី ដែលចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។

ព័ត៌មានទិញនាវាល្បាតពីចិននេះ ត្រូវបានបង្ហោះនៅលើគេហទំព័រ Facebook ដោយរដ្ឋមន្រ្តីការពារជាតិ ម៉ាឡេស៊ី លោក Hishammuddin Hussein កាលពីថ្ងៃអង្គារ ក៏ប៉ុន្តែមិនយូរប៉ុន្មានវាត្រូវលុបចេញភ្លាមៗ នៅ ពេលទីភ្នាក់ងារសារព័ត៌មាន Reuters សូមការអត្ថាធិប្បាយជុំវិញបញ្ហានេះពីអ្នកនាំពាក្យក្រសួងការពារជាតិ។  លោក Hishammuddin Hussein បាននិយាយនៅលើ Facebook ដូច្នេះថា «នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាថ្ងៃបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកំាង របស់លោកនាយករដ្ឋមន្ត្រី Najib Razak ក្រសួងការពារជាតិនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញនាវាល្បាតពីប្រទេសចិន»

គួរបញ្ជាក់ថា បើសិនជាការទិញនាវាល្បាតពីចិនជាការពិត នោះមានន័យថាវានឹងក្លាយជាលើកដំបូងដែល ម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងផ្នែកវិស័យយោធាជាមួយនឹងចិន ស្របពេលទីក្រុងគូឡាឡំាពួរក៏ជាផ្នែកមួយដែរ នៃភាគីជម្លោះនៅសមុទ្រចិនខាងត្បូងជាមួយទីក្រុងប៉េកំាង ដែលកំពុងប្រកួតប្រជែងឥទ្ធិពលនឹង សហរដ្ឋអាមេរិក នៅក្នុងតំបន់៕