អេស្ប៉ាញ៖ ភ្លៀងធ្លាក់ជាប់គ្នាបីសប្តាហ៍ បណ្តាលឱ្យមានមនុស្សបាត់ខ្លួន និងជម្លៀសចេញរាប់រយនាក់ (Video inside)
19-03-2025 16:07
(ម៉ាឌ្រីដ)៖ ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣សប្តាហ៍ជាប់ៗគ្នា បណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន និងរាប់រយនាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញ នៅតំបន់ Andalusia ភាគខាងត្បូងប្រទេសអេស្ប៉ាញ ជាកន្លែងដែលទឹកទន្លេហក់ឡើង ឬប្រឈមមុខនឹងហានិភ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ ២០២៥។
អភិបាលតំបន់ Andalusia លោក Juan Manuel Moreno បានឱ្យដឹងថា មនុស្សពីរនាក់បានបាត់ខ្លួន នៅក្នុងទីក្រុង Seville ហើយស្នើសុំឱ្យអ្នកស្រុកបន្តប្រុងប្រយ័ត្ន ទោះបីជាភ្លៀងបានថមថយក៏ដោយ។ អាជ្ញាធរជឿថា អ្នកបាត់ខ្លួន ដែលជាគូស្នេហ៍ បានព្យាយាមឆ្លងជ្រោះមួយ ហើយប្រហែលជាត្រូវទឹកគួចយកទៅ។ រថយន្តពួកគេត្រូវបានគេប្រទះឃើញក្រឡាប់ នៅក្បែរនោះ។ តាមអាជ្ញាធរក្នុងតំបន់ ពលរដ្ឋសរុបចំនួន ៣៦៨គ្រួសារត្រូវបានជម្លៀសចេញ ដែលជាវិធានការបង្ការនៅក្នុងខេត្ត Malaga។ ទីប្រជុំជនមួយក្នុងចំណោមទីប្រជុំជនផ្សេងទៀត នៃទីក្រុង Cartama មានមនុស្សប្រហែល ២០នាក់ និងសត្វចិញ្ចឹមរបស់ពួកគេ ត្រូវបានជួយសង្គ្រោះចេញពីផ្ទះដែលរងការជន់លិច។
គួរបញ្ជាក់ថា ប្រជាជនអេស្ប៉ាញ មិនទាន់បាត់ការភ័យខ្លាចនៅឡើយទេ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពី ៤ខែមុននៅក្នុងតំបន់ Valencia ភាគខាងកើត នាំឱ្យមកនូវគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុត មិនធ្លាប់មានរយៈពេលច្រើនទសវត្សរ៍។ មនុស្សជាច្រើនបានបន្ទោសទៅលើមន្ត្រីតំបន់ និងថ្នាក់ជាតិថា មានការយឺតយ៉ាវក្នុងការជូនដំណឹងបន្ទាន់ដល់ពួកគេ៕