(វ៉ាស៉ីនតោន)៖ ក្រសួងសុខាភិបាលអាមេរិក បានឱ្យដឹងថា ខ្លួនកំពុងពិនិត្យលើអង្គភាពបង្ការមេរោគអេដស៍ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ដែលអាចបំពេញការងារជាន់គ្នា ជាមួយទីភ្នាក់ងារដទៃទៀត ប៉ុន្តែការសម្រេចចិត្តចុងក្រោយមិនទាន់ធ្វើឡើងនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ ២០២៥។
ការបញ្ជាក់របស់ក្រសួងនាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិក ដូចជា WSJ និង NBC បានរាយការណ៍ដោយដាក់ប្រភពមិនបញ្ចេញឈ្មោះថា អង្គភាពខាងលើរបស់ CDC អាចត្រូវបានបិទ។ អង្គភាពប្រយុទ្ធប្រឆាំងមេរោគអេដស៍របស់ទីភ្នាក់ងារ CDC ដែលចំណាយថវិកា ១.៣ពាន់លានដុល្លារ មានភារកិច្ច តាមដានការឆ្លងមេរោគអេដស៍ នៅទូទាំងសហរដ្ឋអាមេរិក ដោយជំរុញការធ្វើតេស្ត និងការការពារ រួមទាំងការប្រើប្រាស់ថ្នាំ ដែលត្រូវបានគេស្គាល់ថា PrEP ផងដែរ។
លោក Carl Schmid នាយកប្រតិបត្តិនៃវិទ្យាស្ថានគោលនយោបាយមេរោគអេដស៍ និង ជំងឺរលាកថ្លើម នៅក្នុងទីក្រុងវ៉ាស៉ីនតោន បានប្រាប់ Reuters ថា លោកត្រូវបានប្រភពពីទីភ្នាក់ងាររដ្ឋាភិបាលមួយ ផ្តល់ដំណឹងមកថា អង្គភាពបង្ការមេរោគអេដស៍នេះ អាចត្រូវបានលុបចោល ហើយការសម្រេចចិត្តលើ ការផ្តល់មូលនិធិការពារមេរោគអេដស៍ នៅឯ CDC នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍នេះ។
ក្រសួងសុខាភិបាលអាមេរិក ដែលគ្រប់គ្រងទីភ្នាក់ងារ CDC បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងពិនិត្យមើលទៅលើអង្គភាពនានា ដើម្បីស្វែងរកការបំពេញការងារជាន់គ្នាដែលអាចកើតមាន ខណៈវាគឺជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងទូលំទូលាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការរុះរើរចនាសម្ព័ន្ធរដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែការសម្រេចចិត្តជាចុងក្រោយ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ចំពោះអង្គភាពបង្ការមេរោគអេដស៍នៅ CDC។
គួរបញ្ជាក់ថា វិធីសាស្រ្តរបស់រដ្ឋបាលលោក ត្រាំ ចំពោះគោលនយោបាយប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ កំពុងផ្លាស់ប្តូរយ៉ាងទូលំទូលាយ។ កាលពីខែមករា សេតវិមានបានបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការចែកចាយ ថ្នាំព្យាបាលមេរោគអេដស៍ ដោយគ្លីនិកបរទេសដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ហើយការណ៍នេះ បានរំខានដល់ការព្យាបាលមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក៕