(សិង្ហបុរី)៖ ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងនៅថ្ងៃពុធ ទី១៩ ខែមីនាថា កម្រិតសីតុណ្ហភាពខ្ពស់ ដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងឆ្នាំ ២០២៤ បានជួយពន្លឿនការរលាយផ្ទាំងទឹក និងការកើនឡើង នៃកម្ពស់នីវ៉ូទឹកសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងរបាយការណ៍ប្រចាំឆ្នាំ អង្គការឧតុនិយមពិភពលោក (WMO) បានលើកឡើងថា កាលពីឆ្នាំ២០២៤ កម្រិតកើនឡើងសីតុណ្ហភាពសកល ជាមធ្យមប្រចាំឆ្នាំ គឺស្ថិតនៅ១.៥៥អង្សាសេ លើសកម្រិតមុនសម័យឧស្សាហកម្ម។ បើធៀបជាមួយឆ្នាំ២០២៣ កម្រិតនោះបានកើន០.១អង្សាសេ។ ប្រទេសនានាបានយល់ស្រប ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ដើម្បីកំណត់ការកើនឡើងសីតុណ្ហភាពក្នុងរង្វង់ ១.៥អង្សាសេ។ តាមការប៉ាន់ប្រមាណបឋម កម្រិតកើនឡើងជាមធ្យម រយៈពេលវែងបច្ចុប្បន្ន គឺនៅចន្លោះពី ១.៣៤អង្សាសេទៅ ១.៤១អង្សាសេ ដែលខិតកាន់តែកៀវ ប៉ុន្តែមិនទាន់លើសកម្រិតកំណត់ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឡើយទេ។
អ្នកវិទ្យាសាស្រ្តផ្នែកសម្របសម្រួល និងដឹកនាំធ្វើរបាយការណ៍ លោក John Kennedy បាននិយាយថា «ក្នុងមួយឆ្នាំកើនឡើង ១.៥អង្សាសេ មិនមែនមានន័យថា កំដៅមិនអាចឡើងលើសពីកម្រិតផ្លូវការទេ ហើយភាពមិនប្រាកដប្រជាក្នុងទិន្នន័យ មានន័យថាលទ្ធភាពឡើងកំដៅបន្តទៀត មិនអាចត្រូវបានច្រានចោលឡើយ»។
ជាមួយគ្នានេះ កំដៅទឹកក្នុងមហាសមុទ្រ ក៏បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ហើយអត្រានៃការឡើងកំដៅផែនដី កំពុងហក់ឡើងផងដែរ។ ផ្ទាំងទឹកកក និងទឹកកកសមុទ្របានបន្តរលាយក្នុងល្បឿនលឿន ជំរុញឱ្យទឹកសមុទ្រឡើង ដល់កម្រិតខ្ពស់ថ្មីមួយទៀត។ ចាប់ពីឆ្នាំ ២០១៥ដល់ឆ្នាំ ២០២៤ ទឹកសមុទ្របានកើនឡើងជាមធ្យម ៤.៧មីលីម៉ែត្រក្នុងមួយឆ្នាំ ធៀបនឹង ២.១មីលីម៉ែត្រពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០២២។
គួរបញ្ជាក់ថា តាម WMO មានកត្តាផ្សេងទៀត ដែលអាចជំរុញឱ្យពិភពលោក ជួបប្រទះនឹងអាកាសធាតុក្តៅខ្លាំង កាលពីឆ្នាំមុន រួមទាំងការផ្លាស់ប្តូរនៅក្នុងវដ្តនៃព្រះអាទិត្យ បន្ទុះភ្នំភ្លើងធំៗ និងការថយចុះនៃបាតុភូតត្រជាក់៕