(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៉ីស្រាអែល បានចោទប្រកាន់ថា ក្រុមហាម៉ាសប៉ាឡេស្ទីន គឺជាអ្នកទទួលខុសត្រូវទាំងស្រុង សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំដ៏ប្រល័យរបស់អ៉ីស្រាអែល ដោយនិយាយថា ប្រសិនបើហាម៉ាស បានយល់ព្រមទទួលយកសំណើពន្យារពេលបទឈប់បាញ់ របស់បេសកជនពិសេសអាមេរិក លោក Steve Witkoff រឿងបែបនេះនឹងមិនកើតឡើងឡើយ។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា «ហាម៉ាសជាអ្នកទទួលខុសត្រូវទាំងស្រុង សម្រាប់សង្រ្គាម សម្រាប់ការបន្តអរិភាពឡើងវិញ។ ការបាត់បង់ជីវិតទាំងអស់ គឺអាចត្រូវបញ្ចៀសបាន ប្រសិនបើកន្លងមកនេះ ហាម៉ាសយល់ព្រមទទួលយក សំណើរបស់លោក Witkoff កាលពីថ្ងៃពុធសប្តាហ៍មុន»។
អ៉ីស្រាអែលបាននិយាយថា ដោយសារការបដិសេធរបស់ហាម៉ាស ខ្លួនគ្មានជម្រើសរើសផ្សេង ក្រៅពីបន្តការប្រយុទ្ធគ្នា ដើម្បីរំដោះចំណាប់ខ្មាំងនៅសល់ ដែលត្រូវបានចាប់យកទៅតំបន់ហ្កាហ្សា តាំងតែពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស បានអះអាងថា មនុស្សច្រើនជាង៤០០នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ថែមទាំងបានព្រមានថា ការវាយប្រហារនេះ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ការគាំទ្រយ៉ាងរឹងមាំបំផុតចំពោះអ៉ីស្រាអែល។ យ៉ាងណាមិញ ប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក បាននាំគ្នាចេញមុខថ្កោលទោស ការបន្តប្រតិបត្តិការយោធាឡើងវិញរបស់អ៉ីស្រាអែល៕