(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានគំរាមថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មថែមទៀតលើវ៉េណេស៊ុយអេឡា ករណីដែលប្រទេសនេះមិនទទួលយកពលរដ្ឋខ្លួន ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ ២០២៥។
នៅលើបណ្តាញសង្គម X លោក Rubio សរសេរថា «លុះត្រាតែរបបដឹកនាំរបស់លោក Maduro ទទួលយកជើងហោះហើរនិរទេស ដោយគ្មានលេស ឬការពន្យារពេល នោះទើបសហរដ្ឋអាមេរិក មិនដាក់ទណ្ឌកម្មធ្ងន់ធ្ងរថ្មីណាមួយទៀត»។ ជុំវិញការបង្ហោះសារនេះ ក្រសួងទំនាក់ទំនងវ៉េណេស៊ុយអេឡា នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Nicolas Maduro និងរដ្ឋាភិបាលរបស់លោក តែងតែបដិសេធការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដោយនិយាយថា វាជាវិធានការខុសច្បាប់ដែលស្មើនឹងសង្គ្រាមសេដ្ឋកិច្ច ធ្វើឱ្យវ៉េណេស៊ុយអេឡាជួបការលំបាក។
រដ្ឋបាលលោក ត្រាំ កំពុងព្យាយាមបញ្ជូនក្រុមជនអន្ធពាល ២៣៨នាក់ ឱ្យត្រឡប់ទៅប្រទេសវ៉េណេស៊ុយអេឡាវិញ។ កាលពីចុងសប្តាហ៍មុន ក្រុមនេះត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ដែលមានការពារសុវត្ថិភាពតឹងរ៉ឹង នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ៕