(វ៉ាស៊ីនតោន)៖ បេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff បាននិយាយកាលពីថ្ងៃអង្គារ ទី១៨ ខែមីនាថាសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ របស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន មានរួមបញ្ចូលទាំងការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិលទូទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Steve Witkoff ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News។ នៅពេលត្រូវបានសាកសួរថាតើសំណើបទឈប់បាញ់នឹងរួមបញ្ចូលត្រឹមតែហេដ្ឋារចនាសម្ព័ន្ធ ថាមពលតែប៉ុណ្ណោះឬក៏យ៉ាងណា? លោក Witkoff បានបញ្ជាក់យ៉ាងខ្លីថា «បទឈប់បាញ់គឺមានរួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទូទៅ»

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា បានយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាបណ្ដោះអាសន្ន តែមិនបានទទួលយកបទឈប់បាញ់ពេញលេញមួយមានរយៈពេល៣០ថ្ងៃ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សង្ឃឹមថានឹងក្លាយជាជំហានដំបូង ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀង សន្តិភាពអចិន្ត្រយ៍មួយ នោះឡើយ។ វិមានក្រឹមឡាំងវិញបានបញ្ជាក់ទៀតថាលោក ពូទីន បានចេញបញ្ជាឱ្យយោធារុស្ស៉ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្រោយឈានដល់ការឯកភាពគ្នាជាមួយលោក ត្រាំ។

តែប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី នៅថ្ងៃពុធ ទី១៩ ខែមីនា បានចោទប្រកាន់រុស្ស៉ីថាបានទាត់ចោលសំណើបទឈប់បាញ់ស្នើឡើងដោយសហរដ្ឋអាមេរិក និងបានបើក ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីនកាលពីថ្ងៃអង្គារ។ បន្ថែមពីលើនេះ ក្រុមមន្ត្រីរុស្ស៉ី នៅថ្ងៃពុធនេះក៏បានរាយការណ៍ដែរពីការផ្ទុះឆេះដេប៉ូស្ដុកប្រេងមួយកន្លែង ស្ថិតនៅភាគនិរតី ដោយសារតែបំណែកធ្លាក់ចេញពីដ្រូនអ៊ុយក្រែនដែលត្រូវបានបាញ់ទម្លាក់៕