(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា បានយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ជាបណ្ដោះអាសន្ន តែមិនបានទទួលយកបទឈប់បាញ់ពេញលេញមួយមានរយៈពេល៣០ថ្ងៃ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សង្ឃឹមថានឹងក្លាយជាជំហានដំបូង ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រយ៍មួយ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៊ុយក្រែន បាននិយាយថាខ្លួននឹងគាំទ្រដល់បទឈប់បាញ់មិនពេញលេញខាងលើ ដែលនឹងតម្រូវឱ្យទាំងរុស្ស៉ី និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើហេដ្ឋរចនាសម្ព័ន្ធថាមពលគ្នា ទៅវិញទៅមករយៈពេលមួយខែ។ ក្រុមអ្នកជំនាញយល់ថាលោក ពូទីន មិនព្រមទទួលយកបទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃស្នើឡើងដោយសហរដ្ឋអាមេរិក គឺអាចជា ចេតនាមួយក្នុងការកេងចំណេងពេលវេលា ក្នុងពេលដែលកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន។
សេតវិមាន ក៏បានឱ្យដឹងដែរថាកិច្ចចរចាស្ដីពីផែនការសន្តិភាពនឹងត្រូវចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន កាលពីថ្ងៃអង្គារ។ តែមិនទាន់ច្បាស់ថាតើកិច្ចចរចាទាំងនោះនឹងមានវត្តមានអ៊ុយក្រែនចូលរួមដែរឬក៏យ៉ាងណានោះទេ។ ចំណែក វិមានក្រឹមឡាំងវិញបាននិយាយថាលោក ពូទីន បានចេញបញ្ជាឱ្យ យោធារុស្ស៉ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្រោយឈានដល់ការឯកភាពគ្នាជាមួយលោក ត្រាំ។
ប៉ុន្តែព្រមពេលជាមួយគ្នា វិមានក្រឹមឡាំង បានលើកឡើងពីការព្រួយបារម្ភថាបទឈប់បាញ់បណ្ដោះអាសន្នមួយអាចនឹងអនុញ្ញាតឱ្យអ៊ុយក្រែនបំពាក់អាវុធឡើងវិញ និងកែនកងទ័ព បន្ថែម ហើយថែមទាំងសង្កត់ធ្ងន់ពីសំណើរបស់លោក ពូទីន ដែលទាមទារឱ្យមានការបញ្ឈប់ការផ្ដល់ជំនួយយោធា និងព័ត៌មានស៊ើបការណ៍សម្ងាត់សម្រាប់អ៊ុយក្រែនផងដែរ៕