Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: ចំនួនមនុស្សស្លាប់កើនដល់៣២៦នាក់ ក្រោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើតំបន់ហ្កាហ្សា

18-03-2025 16:55

(ដែនដីប៉ាឡេស្ទីន)៖ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃអង្គារ ទី១៨ ខែមីនាថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន មនុស្សយ៉ាងហោច៣២៦នាក់ហើយ ក្នុងនោះរួមមានកុមារជាច្រើននាក់ ព្រមទាំង ប្រមុខរដ្ឋាភិបាលហាម៉ាសនៅហ្កាហ្សា លោក Essam al-Dalis និងមន្ត្រីសន្តិសុខជាន់ខ្ពស់ហាម៉ាសម្នាក់គឺ លោក Mahmoud Abu Watfa ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាស យ៉ាងហោច៣៥លើករបស់អ៉ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា។ ការវាយប្រហារត្រូវបានរាយការណ៍ នៅតាមទីតាំងជាច្រើនកន្លែង រួមមាន ភាគខាងជើងតំបន់ហ្កាហ្សា ទីក្រុងហ្កាហ្សា ព្រមទាំងទីក្រុង Deir al-Balah, Khan Younis និងទីក្រុង Rafah ក្នុងភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។

យោធាអ៉ីស្រាអែល នៅថ្ងៃអង្គារនេះដែរ បានប្រកាសថាខ្លួនបានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយ ប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង។ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលវិញ ក៏បានបញ្ជាក់ដែរថាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាអ៉ីស្រាអែល ចាត់វិធានការសកម្មភាពដ៏ខ្លាំងក្លាប្រឆាំងក្រុមហាម៉ាស ជាការឆ្លើយតប ទៅនឹងការបដិសេធរបស់ក្រុមមួយនេះ ចំពោះការដោះលែងចំណាប់ខ្មាំង និងបានច្រានចោលរាល់សំណើបទឈប់បាញ់ទាំងអស់។ «ចាប់ពីឥលូវនេះទៅ អ៉ីស្រាអែលនឹងធ្វើសកម្មភាពប្រឆំាងហាម៉ាស ជាមួយការបង្កើន អំណាចយោធា»។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់ការិយាល័យលោក Netanyahu ដោយបន្ថែមថាការវាយប្រហារ អាចនឹងបន្តធ្វើឡើងក្នុងករណីចាំបាច់។

ក្រោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល មន្ត្រីហាម៉ាស លោក Basem Naim បានចោទអ៉ីស្រាអែលថា បានបិទបញ្ចប់បទឈប់បាញ់ដោយឯកតោភាគី ដែលនេះនឹងធ្វើឱ្យចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា ស្ថិតក្នុងហានិភ័យ នៃជោគវាសនាមិនច្បាស់លាស់៕