(ប៉េកាំង)៖ កងទ័ពអាកាសចិនបានឲ្យដឹងនៅថា នៅសប្តាហ៍ក្រោយប្រទេសចិននឹងបង្ហាញវត្តមាន យន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួនធុន J-20 ដែលជាអាចបំបាំងខ្លួនចេញពី ប្រព័ន្ធរ៉ាដាបាននៅក្នុងពិព័រណ៍ យន្តហោះដ៏ធំមួយដែលជាការដាក់បង្ហាញផ្ទាំងទស្សនីយ៍ភាព ជាសាធារណអំពីយន្តហោះចម្បាំងជាលើក ដំបូងបង្អស់របស់ចិនក្នុងគោលបំណង បង្រួមគម្លាតអំណាចយោធារវាងខ្លួន និងសហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Channl News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។
យន្តហោះចម្បាំង J-20 នឹងធ្វើការហោះហើរបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិព័រណ៌អវកាស និងអាកាសចរណ៍ អន្តរជាតិចិនដែលនឹងប្រពឹត្តទៅរយៈពេល០៧ថ្ងៃនៅឯទីក្រុង Zhuhai នៅសប្តាហ៍ក្រោយនេះ ហើយក្រៅពី នេះក៏មានការបង្ហាញខ្លួននូវយន្តហោះយោធា Y-20 ដែលជាប្រភេទយន្តហោះដឹកជញ្ជូនថ្មីផងដែរ។
អ្នកនាំពាក្យយោធាជើងអាកាសចិនបានលើកឡើងថា «នេះគឺជាការបង្ហាញខ្លួនជាសាធារណៈ និងជាលើកដំបូង នូវយន្តហោះចម្បាំងប្រភេទបំបាំងកាយជំនាន់ថ្មីបំផុត ដែលត្រូវបានផលិតឡើង ដោយប្រទេសចិនផ្ទាល់ ចំណែកឯការផលិតយន្តហោះចម្បាំង J-20 វិញកំពុងតែដំណើរការទៅមុខយ៉ាងរលូនតាមការគ្រោងទុក ហើយពួកវានឹងចូលរួមចំណែកយ៉ាងធំធេង នៅក្នុងការការពារដែនអធិបតេយ្យភាព និងសន្តិសុខជាតិចិន»។
គួរបញ្ជាក់ថាប្រទេសចិនបាន និងកំពុងអភិវឌ្ឍន៍យន្តហោះចម្បាំងដ៏ទំនើបរបស់ខ្លួនចំនួនពីរប្រភេទគឺ J-20 និងJ-31 ដែលត្រូវបានអ្នកវិភាគមួយចំនួនជឿជាក់ថាមានសមត្ថភាពស្មើទៅនឹង យន្តហោះចម្បាំងប្រភេទ បំបាំងកាយប្រភេទ F-22 និង F-35 របស់សហរដ្ឋអាមេរិកថែមទៀតផង៕