(ប្រ៊ុចសែល)៖ រដ្ឋាភិបាលបណ្តោះអាសន្ននៅទីក្រុងដាម៉ាស់ នឹងចូលរួមសន្និសីទមួយនៅថ្ងៃចន្ទនេះ ដើម្បីស្វែងរកការសន្យាផ្តល់ជំនួយសម្រាប់ប្រទេសស៊ីរី ដែលកំពុងប្រឈមមុខនឹងការថយចុះជំនួយ បន្ទាប់ពីការដួលរលំរបបរបស់លោក Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ ២០២៥។

សន្និសីទប្រចាំឆ្នាំដែលរៀបចំដោយសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៧ ត្រូវបានធ្វើឡើងជាលើកដំបូង ដោយមានការចូលរួមពីរដ្ឋាភិបាលស៊ីរីថ្មី បើទោះបីជាការសន្យាជំនួយត្រូវបានគេរំពឹងថា នឹងមានកម្រិតទាបជាងឆ្នាំមុនៗក៏ដោយ។ មន្ត្រីសហភាពអឺរ៉ុបសង្ឃឹមថា សន្និសីទនេះនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ បើទោះបីជាមានការព្រួយបារម្ភអំពីអំពើហិង្សាថ្មីៗនៅក្នុងប្រទេសស៊ីរីក៏ដោយ។

លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបបានមានប្រសាសន៍ថា ពេលវេលានេះគឺជាពេលដែលស៊ីរីត្រូវការជំនួយយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីមានរលកនៃអំពើហិង្សានាពេលថ្មីៗនេះ។ ទន្ទឹមគ្នានោះ​ លោកស្រី​ក៏​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ថ្មីៗ​ក្នុង​ការ​បញ្ចូល​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ទៅ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​ថ្មី។

លោកស្រី Hadja Lahbib ស្នងការអ៊ឺរ៉ុប បានថ្លែងថា ចំនួនសរុបនៃជំនួយដែលសន្យាត្រូវបានរំពឹងថានឹងតិចជាងឆ្នាំមុន ដោយសារតែការកាត់បន្ថយជំនួយពីសហរដ្ឋអាមេរិក។ លោកស្រីបានបន្ថែមថា សហភាពអឺរ៉ុបនៅតែប្តេជ្ញាគាំទ្រប្រជាជនស៊ីរី ប៉ុន្តែមិនអាចបំពេញចន្លោះដែលបន្សល់ទុកដោយប្រទេសផ្សេងទៀតបានទេ។

លោក Geir Pederson បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី បាននិយាយថា ជម្លោះសកលផ្សេងទៀតដូចជានៅស៊ូដង់ ហ្គាហ្សា និងអ៊ុយក្រែន ក៏ដូចជាការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិក មានផលប៉ះពាល់យ៉ាងខ្លាំងដល់ចំនួនជំនួយដែលអាចទទួលបានសម្រាប់ស៊ីរី។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shibani ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសន្និសីទនេះ ជាមួយរដ្ឋមន្ត្រីមកពីបណ្តាប្រទេសអឺរ៉ុប និងអារ៉ាប់ផ្សេងទៀត។ សន្និសីទកាលពីឆ្នាំមុនបានសន្យាផ្តល់ជំនួយសរុបចំនួន ៧.៥ ពាន់លានអឺរ៉ូ ខណៈដែលបច្ចុប្បន្ននេះ ប្រជាជនស៊ីរីប្រមាណ ១៦.៥ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌៕