(អាមេរិក)៖ បន្ទាប់ពីបានជួបប្រទះនឹងបញ្ហារអាក់រអួលបន្តិចបន្តួចកាលពីសប្តាហ៍មុន យានអវកាសជូណូ (Juno) បានវិលមករកសភាពល្អធម្មតាវិញហើយ និងកំពុងតែត្រៀមខ្លួន រួចរាល់សម្រាប់ការធ្វើដំណើរ មុជទៅក្បែរភពព្រហស្បតិ៍ដ៏ធំសម្បើមសាជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។
លោក Rick Nybakken ប្រធានគ្រប់គ្រងគំរោងបេសកម្ម Juno មកពីមន្ទីរពិសោធន៍ JPL របស់ទីភ្នាក់ងារ អវកាសអាមេរិក NASA បានថ្លែងថា «យានអវកាស Juno ដែលបានបិទប្រព័ន្ធដំណើរការរបស់វាដោយ មិនដឹងខ្លួននោះឥឡូវនេះបានចាកចេញពីដំណាក់កាល «Safe Mode» ដូចដែលបានរំពឹងទុកហើយ ហើយវាកំពុងធ្វើប្រតិបត្តិការយ៉ាងល្អ ដោយបានធ្វើការឆ្លើយតបទៅនឹងរាល់ការបញ្ជារបស់យើង»។
នៅក្រោយពេលដែលបានចាកចេញពី Safe Mode យានអវកាស Juno នឹងធ្វើដំណើរទៅក្នុងគន្លងគោចរ កៀកនឹងភពព្រហស្បតិ៍បំផុតជាមួយនឹងកាមេរ៉ា JunoCam របស់វាដែលមានសមត្ថភាព ក្នុងការចាប់យក រូបភាពយ៉ាងច្បាស់ ហើយលោក Scott Bolton ដែលជាអ្នកតាមដានសកម្មភាពនៃបេសកម្ម Juno បានលើកឡើងថា «ពួកយើងមានការរំភើបចិត្តជាខ្លាំង និងកំពុងរង់ចាំយ៉ាងអន្ទះសារក្នុងដំណើរទៅជិត ភពយក្សមួយនេះ ខណៈទិន្នន័យវិទ្យាសាស្រ្តដែលយើងប្រមូលបាននៅក្នុងរយៈពេលកន្លងមកនេះ គឺវាពិតជាអស្ចារ្យមែនទែន»។
គួរបញ្ជាក់ថាយានអាវកាស Juno ត្រូវបានបង្ហោះចេញពីទីតាំងបង្ហោះយានអាវកាសអាមេរិក Cape Canaveral នៅក្នុងឆ្នាំ២០១១ ដើម្បីបញ្ជូនទៅឲ្យប្រមូលយកទិន្នន័យ វិទ្យាសាស្រ្តពីភពដ៏ធំជាងគេបង្អស់នៅ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ យានអាវកាស Juno បានចូលទៅដល់ក្នុងគន្លងគោចររបស់ភពព្រហស្បតិ៍ កាលពីខែកក្កដា ឆ្នាំ២០១៦នេះ ហើយវាបានចំណាយពេលពីរខែចុងក្រោយនេះរៀបចំដំណើរឲ្យបាន ស្រួលបួល ដើម្បីអនុវត្តន៍ជំហានដំបូងនៃបេសកម្ម។
អ្វីដែលពិសេសនោះមិនធ្លាប់មានយានអវកាសណាផ្សេង ក្រៅពី Juno ដែលអាចធ្វើដំណើរគោរចនៅកៀក នឹងភពព្រហស្បតិ៍បានបែបនេះឡើយ ក៏ព្រោះតែភពនេះមានដែនម៉ាញេទិច ដ៏ខ្លាំងអស្ចារ្យជាងព្រះអាទិត្យ និងរលកវិទ្យុសកម្មដ៏កំណាច ដោយសូម្បីតែដុំថ្មអវកាស ឬអាចម៍ផ្កាយទំហំធំប៉ុណ្ណាក៏ដោយត្រូវភពនេះ រុញច្រានទៅឆ្ងាយ ឬបំបែកឲ្យទៅជាបំណែកតូចៗផងដែរ។ ភពព្រហស្បតិ៍មានទំហំធំជាងផែនដីរបស់យើង ជាង ១,០០០ដង និងស្ថិតនៅប្រព័ន្ធព្រះអាទិត្យក្រៅ ដែលត្រូវឆ្លងកាត់គន្លងរបស់ភពអង្គារ និងខ្សែក្រវ៉ាត់ អាចម៍ផ្កាយទើបទៅដល់៕