មនុស្ស៣៣នាក់ស្លាប់ ក្រោយខ្យល់ព្យុះវាយប្រហារភាគកណ្តាលសហរដ្ឋអាមេរិក (Video inside)
16-03-2025 15:17
(វ៉ាស៉ីនតោន)៖ មនុស្សយ៉ាងហោចណាស់៣៣នាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតបានរងរបួស កាលពីថ្ងៃសោរ៍ ទី១៥ ខែមីនា នៅពេលដែលព្យុះកំបុតត្បូង ឬ tornado បានបោកបក់យ៉ាងសាហាវ លើតំបន់ភាគកណ្តានៃលសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
នៅរដ្ឋ Kansas មនុស្ស៨នាក់ បានបាត់បង់ជីវិត ខណៈរដ្ឋ Missouri មានអ្នកស្លាប់១២នាក់ និងបាត់ខ្លួន៣នាក់ ហើយនៅរដ្ឋ Mississippi មនុស្ស៦នាក់ បានស្លាប់។ ចំណែក នៅរដ្ឋ Texas អាជ្ញាធរបានឱ្យដឹងថា មនុស្ស៤នាក់បានស្លាប់ ស្របពេលនៅ រដ្ឋ Arkansas មនុស្ស៣នាក់បានបាត់បង់ជីវិត ហើយ២៩នាក់ទៀត បានទទួលរងរបួស។ ក្រៅពីមនុស្សស្លាប់និងរបួស ផ្ទះសម្បែងជាច្រើនខ្នង បានរងការខូចខាត ខណៈលំនៅដ្ឋាននិងអាជីវកម្មយ៉ាងហោច ២០០ ០០០កន្លែង នៅទូទាំងភាគកណ្តាលអាមេរិក ពុំមានអគ្គិសនីប្រើប្រាស់ គិតត្រឹមយប់ថ្ងៃសៅរ៍។
គួរបញ្ជាក់ថា យោងតាមការព្យាករ ព្យុះកំបុតត្បូងបន្ថែមទៀត អាចនឹងកើតមានឡើង អំឡុងចុងសប្តាហ៍នេះ រួមមានទាំងនៅរដ្ឋ Mississippi និង Tennessee។ កាលពីឆ្នាំ២០២៤ មានមនុស្សសរុប៥៤នាក់ បានស្លាប់ ក្នុងឧប្បត្តិហេតុពាក់ព័ន្ធព្យុះកំបុតត្បូង នៅសហរដ្ឋអាមេរិក៕