(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance រំពឹងថា លក្ខខណ្ឌទូទៅ នៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយភាពជាម្ចាស់ នៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok នឹងសម្រេចបាននៅត្រឹមថ្ងៃទី៥ ខែមេសាខាងមុខ។ នេះបើយោងតាមសម្តីមន្ត្រីសេតវិមាន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

ជោគវាសនារបស់ TikTok បានស្ថិតក្នុងភាពមិនប្រាកដប្រជា ចាប់តាំងពីច្បាប់ដែលតម្រូវឱ្យម្ចាស់វេទិកានេះ គឺក្រុមហ៊ុន Bytedance លក់វាក្រោមមូលហេតុសន្តិសុខជាតិ បើមិនដូច្នោះទេត្រូវប្រឈមការហាមឃាត់ ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១៩ ខែមករា។

លោកប្រធានាធិបតី Donald Trump បន្ទាប់ពីចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករានោះ, បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ស្វែងរកការពន្យារពេល៧៥ថ្ងៃ ចំពោះការអនុវត្តច្បាប់។

លោក Vance និងទីប្រឹក្សាសន្តិសុខជាតិ លោក Michael Waltz កាលពីខែមុន បានត្រួតពិនិត្យអំពីការលក់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ។

កាលពីចុងសប្តាហ៍មុន, លោក Vance បានលើកឡើងថា រដ្ឋបាលរបស់លោក បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមផ្សេងគ្នាចំនួន៤ ដែលចាប់អារម្មណ៍ក្នុងកិច្ចព្រមព្រៀងនេះ។

«វាស្ទើរតែប្រាកដណាស់ថា នឹងមានកិច្ចព្រមព្រៀងកម្រិតខ្ពស់ ដែលខ្ញុំគិតថាបំពេញកង្វល់សន្តិសុខជាតិរបស់យើង, អនុញ្ញាតសហគ្រាស TikTok របស់អាមេរិក ដាច់ដោយឡែក», នេះបើតាមសម្តីលោក Vance បានលើកឡើងអំឡុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន។

មន្ត្រីសេតវិមានម្នាក់ បាននិយាយថា វាអាចត្រូវការការងារបន្ថែមទៀត បន្ទាប់ពីថ្ងៃផុតកំណត់ទី៥ ខែមេសា លើចំណុចល្អជាងនៃកិច្ចព្រមព្រៀង៕