Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលលោក ត្រាំ កំពុងពិចារណាលើការហាមប្រាមប្រទេសមួយចំនួន ចូលមកសហរដ្ឋអាមេរិក (Video inside)

15-03-2025 18:54

(វ៉ាស៉ីនតោន)៖ តាមមន្រ្តីអាមេរិក និងសេចក្តីព្រាងបទបញ្ជាដែល Reuters ទទួលបាន រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាចេញការរឹតបន្តឹងលើការធ្វើដំណើរ សម្រាប់ពលរដ្ឋនៃប្រទេសចំនួន ចូលមកកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ ២០២៥។

សេចក្តីព្រាងបទបញ្ជាបានរាយនាមប្រទេសសរុបចំនួន ៤១ ដោយបែងចែកចេញជា ៣ក្រុមដាច់ដោយឡែកពីគ្នា។ ក្រុមដំបូងនៃប្រទេសចំនួន ១០ រួមមាន អាហ្វហ្គានីស្ថាន អ៉ីរ៉ង់ ស៉ីរី គុយបា កូរ៉េខាងជើង ស្ថិតក្នុងចំណោមប្រទេសដទៃទៀត ដែលនឹងត្រូវកំណត់ផ្អាកទិដ្ឋាការទាំងស្រុង។

ក្រុមទីពីរ មានប្រទេសចំនួន ៥ដូចជា អេរីទ្រា ហៃទី ឡាវ មីយ៉ាន់ម៉ា ស៊ូដង់ខាងត្បូង នឹងប្រឈមមុខចំពោះការផ្អាកមួយផ្នែក ដែលនឹងប៉ះពាល់ដល់ទិដ្ឋាការទេសចរណ៍ និងនិស្សិត ក៏ដូចជាទិដ្ឋាការអន្តោប្រវេសន៍ផ្សេងទៀត តែមានករណីលើកលែងមួយចំនួន។

ក្រុមទីបី ប្រទេសសរុបចំនួន ២៦ ដែលរួមមានបេឡារុស ប៉ាគីស្ថាន និងតួកមេនីស្ថាន ក្នុងចំណោមប្រទេសផ្សេងទៀត ដែលនឹងត្រូវបានពិចារណាផ្អាកការចេញទិដ្ឋាការមួយផ្នែក ប្រសិនបើរដ្ឋាភិបាលពួកគេ មិនប្រឹងប្រែងដោះស្រាយបញ្ហាខ្វះចន្លោះ ក្នុងរយៈពេល ៦០ថ្ងៃ។ មន្ត្រីអាមេរិកម្នាក់និយាយថា អាចមានការផ្លាស់ប្តូរ ហើយសេចក្តីព្រាងបទបញ្ជានេះ មិនទាន់ត្រូវបានអនុម័តពីរដ្ឋបាល និងរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio នៅឡើយទេ។

គួរបញ្ជាក់ថា លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃទី២០ ខែមករា ដោយទាមទារឱ្យមានការត្រួតពិនិត្យ ចំពោះជនបរទេសទាំងឡាយណា ដែលស្វែងរកការចូលមកកាន់សហរដ្ឋអាមេរិក ជុំវិញបញ្ហាគំរាមកំហែងសន្តិសុខជាតិ។ បទបញ្ជានោះ តម្រូវឱ្យសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន ដាក់របាយការណ៍បញ្ជីឈ្មោះប្រទេសណា ដែលសមនឹងការធ្វើដំណើរដោយផ្នែក ឬទាំងស្រុង មកកាន់រដ្ឋបាលអាមេរិក នៅថ្ងៃទី២១ ខែមីនា៕