(អាមេរិក)៖ បន្ទាប់ពីបានប្រកាសថានឹងកាត់បន្ថយបុគ្គលិក ០៩ភាគរយ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter Inc កំពុងរៀបចំបិទសេវាកម្មចែករំលែកវីដេអូ របស់ខ្លួនបន្ថែមទៀត ដោយកម្មវិធីឈ្មោះថា «Vine» ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែកឈុតវីដេអូខ្លីៗនោះ នឹងត្រូវបញ្ឈប់ដំណើរការនៅក្នុង រយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដ៏ធំ Twitter បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថានឹងបិទកម្មវិធី Vine ដែលផ្តល់សេវាកម្មចែករំលែកឈុតវីដេអូខ្លីៗ ទៅកាន់មនុស្សនៅជុំវិញពិភពលោក ប៉ុន្តែបានបញ្ជាក់ថាសម្រាប់ពេលឥឡូវនេះ អ្នកប្រើប្រាស់នៅតែអាចប្រើវាជាធម្មតានៅឡើយទេ ព្រោះថាក្រុមហ៊ុនផ្តល់តម្លៃខ្ពស់ទៅលើអ្នកប្រើប្រាស់ និងមិនធ្វើការបិទកម្មវិធីនេះភ្លាមៗនោះឡើយ។
គួរបញ្ជាក់ថា នៅឆ្នាំចុងឆ្នាំ២០១២ ក្រុមហ៊ុន Twitter បានទិញយកកម្មវិធី Vine តាំងតែពីវាមិនទាន់ត្រូវបានប្រកាសចេញឲ្យប្រើប្រាស់ជាផ្លូវការមកម៉្លេះ ហើយនៅពេលដែលបានដាក់បង្ហាញខ្លួនជាផ្លូវការ កាលពីដើមឆ្នាំ២០១៣ កម្មវិធីដែលអនុញ្ញាតអ្នកប្រើប្រាស់ចែករំលែកនូវឈុតវីដេអូខ្លី រយៈពេលត្រឹម០៦វិនាទីនេះ បានទទួលការពេញនិយមច្រើនគួរសម ប៉ុន្តែវាមិនអាចឈានទៅដល់គោលដៅដែលក្រុមហ៊ុន Twitter បានសង្ឃឹមទុកនោះឡើយ ទើបបណ្តាលឲ្យក្រុមហ៊ុនសម្រេចចិត្តធ្វើបែបនេះ៕