(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា បាននិយាយថាសហរដ្ឋអាមេរិកបានសម្រេចចិត្តបណ្ដេញឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូង ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Ebrahim Rasool​​ ចេញពីប្រទេស ដោយចោទរូបលោកថាស្អប់សហរដ្ឋអាមេរិក និងលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសបែបនេះរបស់លោក Marco Rubio ធ្វើឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X។ លោក Rubio បានសរសេរដូច្នេះថា «ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំ សហរដ្ឋអាមេរិក លែងត្រូវបានទទួលស្វាគមន៍នៅក្នុងប្រទេសដ៏អស្ចារ្យរបស់យើងហើយ។ លោក Ebrahim Rasool ជាអ្នកនយោបាយចូលចិត្តញុះញង់ឱ្យមានការរើសអើងពូជសាសន៍ម្នាក់ ដែលស្អប់អាមេរិក និងលោកប្រធានាធិបតី ត្រាំ។ យើងគ្មានអ្វីត្រូវពិភាក្សាជាមួយលោកទៀតនោះទេ។ ដូច្នេះឥលូវលោកត្រូវបានចាត់ទុកជាជនដែលមិនត្រូវបានស្វាគមន៍ (persona non grata)»

គួរបញ្ជាក់ថា ការសម្រេចចិត្តបណ្ដេញលោក Ebrahim Rasool ចេញពីសហរដ្ឋអាមេរិក កើតមានឡើងចំពេលភាពតានតឹងកំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូង។ លោក ត្រាំ កាលពីខែកុម្ភៈកន្លងទៅ បានបង្កកជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់អាហ្វ្រិកខាងត្បូង ដោយសំអាងលើច្បាប់មួយនៅក្នុងប្រទេសនេះដែលលោក ត្រាំ ចោទថាបានអនុញ្ញាតឱ្យមានការរឹបអូស ដីធ្លីពីកសិករជាជនជាតិស្បែកស។ កាលពីសប្ដាហ៍មុន លោក ត្រាំ ក៏បានដុតបញ្ឆេះភាពតានតឹងនេះកាន់តែខ្លាំងឡើងផងដែរ ដោយនិយាយថាកសិករអាហ្វ្រិកខាងត្បូង អាចទៅរស់នៅ សហរដ្ឋអាមេរិក ហើយនៅតែបន្តលើកឡើងម្ដងហើយម្ដងទៀតថារដ្ឋាភិបាលទីក្រុង Pretoria បាន និងកំពុងរឹបអូសដីធ្លីពីជនជាតិស្បែកស។

នៅអាហ្វ្រិកខាងត្បូង កម្មសិទ្ធិដីធ្លីគឺជាបញ្ហាដ៏ចម្រូងចម្រាសមួយ ដោយដីស្រែចម្ការភាគច្រើននៅតែស្ថិតក្រោមការគ្រប់គ្រងដោយជនជាតិស្បែកសអស់រយៈពេលជាង ៣ទសវត្សរ៍មកនេះ បន្ទាប់ពីការបិទបញ្ចប់របប apartheid (ឱ្យតម្លៃខ្លាំងលើជនជាតិស្បែកស) ហើយរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងសព្វថ្ងៃកំពុងរងសម្ពាធឱ្យធ្វើកំណែទម្រង់៕