(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា បាននិយាយថាលោកមើលឃើញឱកាសល្អមួយ ដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី បន្ទាប់ពីអ៊ុយក្រែនយល់ព្រមទទួលយកសំណើបទឈប់បាញ់ជាបណ្ដោះអាសន្នរយៈពេល ៣០ថ្ងៃរបស់សហរដ្ឋអាមេរិក ខណៈទីក្រុងមូស្គូថាខ្លួននឹងទទួលយកបទឈប់បាញ់ ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ឥលូវ យើងមានឱកាសល្អដើម្បីបញ្ចប់សង្រ្គាមឱ្យបានឆាប់ និងធានាឱ្យបាននូវ សន្តិភាព។ យើងមានការយល់ដឹងពីសន្តិសុខដ៏រឹងមាំជាមួយបណ្ដាប្រទេសអឺរ៉ុបជាដៃគូរបស់យើង»។ ដោយចង់សំដៅលើបទឈប់បាញ់ លោក ហ្សេលេនស្គី បានបន្តទៀតថា «បច្ចុបន្ន យើងកំពុងខិតកាន់តែជិតទៅរកជំហានដំបូង ក្នុងការឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម។

ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក ហ្សេលេនស្គី បានជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ដាក់សម្ពាធលើរុស្ស៉ី ជាមួយការបញ្ជាក់ឡើងវិញពីជំនឿរបស់លោកថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងពន្យារពេលឈានទៅរកបទឈប់បាញ់ កាន់តែយូរតាមដែលអាចធ្វើទៅបាន៕