លោក Duterte មិនបង្ហាញខ្លួនដោយផ្ទាល់ ក្នុងសវនាការ ICC លើកដំបូងនៅទីក្រុងឡាអេនោះទេ (Video inside)
14-03-2025 21:40
(ឡាអេ)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានខកខានមិនបានចូលរួមដោយផ្ទាល់ ចំពោះសវនាការលើកដំបូងរបស់លោកនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងទីក្រុងឡាអេ នៅថ្ងៃសុក្រនេះ ដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតពាក់ព័ន្ធនឹង «សង្គ្រាមប្រឆាំងគ្រឿងញៀន»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានចៅក្រម លោក Iulia Motoc បានប្រាប់តុលាការថា លោក Duterte អាយុ ៧៩ ឆ្នាំ មានអាការៈហត់នឿយ បន្ទាប់ពីបានធ្វើដំណើរពីហ្វីលីពីនមកកាន់ប្រទេសហូឡង់ ហើយត្រូវបានអនុញ្ញាតឱ្យចូលរួមសវនាការតាមរយៈប្រព័ន្ធវីដេអូ។ លោក Duterte ដែលស្លៀកឈុតពណ៌ខៀវ និងក្រវ៉ាត់ បានបញ្ជាក់អត្តសញ្ញាណ និងអាយុរបស់លោក។
លោក Duterte បានមកដល់ប្រទេសហូឡង់កាលពីថ្ងៃពុធ ហើយត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ ICC បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនលោក តាមដីកាចាប់ខ្លួនរបស់ ICC។ រដ្ឋអាជ្ញាបានចោទប្រកាន់លោក ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សម្រាប់ការចោទប្រកាន់ថាជាការវាយប្រហារជាប្រព័ន្ធទៅលើជនស៊ីវិល។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សអះអាងថា មានការសម្លាប់ក្រៅច្បាប់យ៉ាងទូលំទូលាយ ដោយក្រុមដែលគាំទ្ររបស់លោក Duterte។
គួរបញ្ជាក់ថា លោក Duterte ដែលបានដឹកនាំប្រទេសហ្វីលីពីន ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ បានក្លាយជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេ ដែលត្រូវប្រឈមមុខនឹងការកាត់ទោសនៅ ICC។ ក្នុងសវនាការដំបូងនេះ ចៅក្រមបានសង្ខេបការចោទប្រកាន់ ប៉ុន្តែលោក Duterte មិនត្រូវបានសួរឱ្យសារភាពថាមានទោស ឬមិនមានទោសនៅដំណាក់កាលដំបូងនេះទេ។ លោកនឹងត្រូវបានតំណាងដោយមេធាវី ដែលតែងតាំងដោយតុលាការ ហើយការកាត់ទោសមិនត្រូវបានរំពឹងថា នឹងចាប់ផ្តើមរហូតដល់ដើមឆ្នាំ ២០២៦។ ការចុះចាញ់របស់លោកត្រូវបានគេមើលឃើញថា ជាជោគជ័យដ៏សំខាន់សម្រាប់ប្រធានរដ្ឋអាជ្ញាតុលាការ លោក Karim Khan៕