Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនអ្នកផ្លាស់ទីលំនៅទូទាំងពិភពលោក នឹងកើនឡើងបន្ថែម៦.៧លាននាក់ទៀត នៅចុងឆ្នាំក្រោយ, នេះបើតាមអង្គការជនភៀសខ្លួននៅដាណឺម៉ាក (Video inside)

14-03-2025 15:03

(ហ្សឺណែវ)៖ Danish Refugee Council ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ដាណឺម៉ាក ធ្វើការងារជួយដល់ ជនភៀសខ្លួន បានឱ្យដឹងនាថ្ងៃសុក្រ ទី១៤ ខែមីនាថា មនុស្សបន្ថែមទៀតប្រហែល ៦.៧លាននាក់ ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីលំនៅថ្មីទូទាំងពិភពលោក នៅចុងឆ្នាំ ២០២៦ ខណៈការកាត់បន្ថយជំនួយពីម្ចាស់ជំនួយធំៗ ដូចជាសហរដ្ឋអាមេរិក ចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Charlotte Slente នាយកគ្រប់គ្រងទូទៅនៃអង្គការជនភៀសខ្លួននេះ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «នេះមិនមែនជាស្ថិតិល្អទេ។ មានគ្រួសារដែលត្រូវបានបង្ខំ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយមិនអាចយក អ្វីទៅតាមខ្លួនបាន ហើយដើរស្វែងរកទឹក អាហារ និងទីជម្រក»។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ប្រជាជនក្នុងប្រទេស ២៧ មានការផ្លាស់ទីលំនៅទូទាំងពិភពលោក។ ការព្យាករណ៍ គឺផ្អែកលើគំរូដែលជំរុញដោយ AI ព្យាករណ៍ទៅលើនិន្នាការផ្លាស់ទីលំនៅ ដោយការវិភាគលើសូចនាករជាង ១០០ រួមទាំងកត្តាសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច នៅក្នុងប្រទេសទាំងនោះផងដែរ។

គួរបញ្ជាក់ថា អង្គការ Danish Refugee Council គឺជាក្រុមផ្តល់ជំនួយមួយក្នុងចំណោម ក្រុមផ្តល់ជំនួយរងគ្រោះផ្សេងទៀត ហើយមានកញ្ចប់កិច្ចសន្យាជាង ២០នៅក្នុងដៃ។ ការកាត់បន្ថយពីទីក្រុងវ៉ាស៉ីនតោន និងម្ចាស់ជំនួយសំខាន់ៗផ្សេងទៀត កំពុងជះឥទ្ធិពលដល់ជនភៀសខ្លួនរួចហើយ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំមុន បានឱ្យដឹងថា ចំនួនអ្នកផ្លាស់ទីលំនៅដោយបង្ខំ នៅជុំវិញពិភពលោក មានជាង ១១៧លាននាក់ ព្រមជាមួយការព្រមានថា ចំនួននេះអាចនឹងកើនឡើងទៀត៕