(អារ៉ាប៊ី សាអូឌីត)៖ ក្រុមចំរុះអារ៉ាប់ដឹកនាំដោយព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានឱ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ថាក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសយ៉េមែន បានបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់សំដៅទៅកាន់ ទីក្រុង Mecca ដែលជាទីក្រុងដ៏ពិសិដ្ឋសម្រាប់អ្នកកាន់សាសានាអ៊ីស្លាម។ នេះបើយោងតាមសេចក្ដី រាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ អារ៉ាប៊ី សាអូឌីត SPA ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងថ្លែងការណ៍មួយ ក្រុមចំរុះអារ៉ាប់បាននិយាយថា កងកម្លំាងរបស់ខ្លួនបានបំផ្លាញមីស៊ីលមួយគ្រាប់នៅ ចំងាយប្រមាណជា ៦៥គីឡូម៉ែត្រពីទីក្រុងMecca ដោយមិនបានបង្កជាការបំផ្លិចបំផ្លាញអ្វីឡើយ ហើយថែម ទំាងបានធ្វើការបាញ់តបតទៅកាន់ទីតំាងដែលគ្រាប់មីស៊ីលនេះ បាញ់ចេញពីទឹកដីយ៉េមែនថែមទៀតផង។ យ៉ាងណាក៏ដោយនៅថ្ងៃសុក្រនេះដែរ ក្រុមឧទ្ទាមហ៊ូទីបានទទួលស្គាល់ថាខ្លួនពិតជាបានបាញ់មីស៊ីល Burkan-1 សំដៅទៅកាន់ អារ៉ាប៊ី សាអូឌីត ពិតមែនប៉ុន្តែគឺមានគោលដៅទៅលើអាកាសយានដ្ឋាន King Abdulaziz International នៅក្នុងទីក្រុងJeddah ពោលមិនមែនទីក្រុងMecca នោះទេ។
គួររំលឹកថាមកទល់នឹងពលនេះ ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ និងមានសម្ព័ន្ធភាពយ៉ាងជិតស្និតជាមួយ កងកម្លំាងអតីតប្រធានាធិបតីយ៉េមែនលោក Ali Abdullah Saleh កំពុងគ្រប់គ្រងតំបន់មួយផ្នែកធំនៃប្រទេស ក្នុងនោះរួមទំាងរដ្ឋធានី Sanaa ផងដែរ៕