Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែនទទួលស្គាល់ថា ពេលនេះគឺគ្មានសមត្ថភាពយកទឹកដីទាំងអស់ពីរុស្ស៉ីវិញ ដោយប្រើកម្លាំងយោធាឡើយ (Video inside)

14-03-2025 14:34

(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញ នូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ សម្រាប់ពេលឥឡូវនេះ ហើយក្តីសង្ឃឹមដើម្បីអាចយកទឹកដីទាំងនោះមកវិញ គឺមានតែអាស្រ័យលើមធ្យោបាយការទូត នៅពេលអនាគតប៉ុណ្ណោះ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មន្រ្តីខាងលើដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានលើកឡើងថា «ប្រសិនបើអ្នកនិយាយពីស្ថានភាពជាក់ស្តែង ដែលថាអ៊ុយក្រែន មិនអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ នាពេលនេះដោយប្រើប្រាស់កម្លាំងយោធា ប្រាកដណាស់គឺយើងយល់អំពីរឿងនេះ។ ពួកយើងដឹងច្បាស់ថា ទឹកដីមួយចំនួនរបស់យើង នឹងត្រូវការយកវិញតាមរយៈមធ្យោបាយការទូត ដែលត្រូវចំណាយពេលយូរ»។ យ៉ាងណាមិញ មន្រ្តីរូបនោះបានសង្កត់ធ្ងន់ថា ទីក្រុងកៀវនឹងមិនទទួលស្គាល់សិទ្ធិរបស់ទីក្រុងមូស្គូ លើទឹកដីរបស់អ៊ុយក្រែនឡើយ។

បើតាមមន្រ្តីដដែល គឺមិនមានការនិយាយអំពីសម្បទានទឹកដីអ៊ុយក្រែនណាមួយឡើយ អំឡុងកិច្ចពិភាក្សានៅទីក្រុង Jeddah កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រវាងក្រុមមន្រ្តីអ៊ុយក្រែន និងអាមេរិក ដែលអំឡុងពេលនោះ ទីក្រុងកៀវបានបង្ហាញឆន្ទៈទទួលយក បទឈប់បាញ់បណ្តោះអាសន្ន រយៈពេល៣០ថ្ងៃ ដែលស្នើឡើងដោយទីក្រុងវ៉ាស៉ីនតោន ប្រសិនបើទីក្រុងមូស្គូ យល់ស្របចំពោះ​គំនិតនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងរុស្ស៉ី កំពុងគ្រប់គ្រងប្រមាណជិត២០ភាគរយ នៃទឹកដីទាំងអស់របស់អ៊ុយក្រែន គិតចាប់តាំងតែពី​សង្រ្គាមឈ្លានពានរបស់ខ្លួន បានផ្ទុះឡើងកាលពីជាង៣ឆ្នាំមុន៕