Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីដែនដី Greenland ចង់ទទូចឱ្យមេដឹកនាំបក្សនយោបាយទាំងអស់ រួមគ្នាបដិសេធផែនការរបស់លោក ត្រាំ (Video inside)

14-03-2025 13:55

(គ្រីនលែន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា នាយករដ្ឋមន្រ្តីចប់អាណត្តិរបស់ដែនដី Greenland លោក Mute Edege បាននិយាយថា រូបលោកបានកោះហៅ មេដឹកនាំគណបក្សនយោបាយទាំងអស់ ដើម្បីបើកកិច្ចប្រជុំមួយ ក្នុងបំណងបដិសេធរួមគ្នា ចំពោះ​ផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់គ្រប់គ្រងដែនដីនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

​បន្ទាប់ពីលោក ត្រាំ បានបន្តបង្ហាញសាជាថ្មី នូវក្តីបំណងចង់កាន់កាប់ ដែនដីស្វយ័តមួយនេះរបស់ប្រទេសដាណឺម៉ាក លោក Edege បានបង្ហោះសារយ៉ាងដូច្នេះថា «លើកនេះ ពួកយើងត្រូវតែពង្រឹងការបដិសេធរបស់យើង ឱ្យកាន់តែរឹងមាំថែមទៀត ចំពោះលោក ត្រាំ ហើយអ្នកដទៃមិនអាច​បន្តមិនគោរពពួកយើងទៀតនោះទេ។ លោកប្រធានាធិបតីអាមេរិក ជាថ្មីម្តងទៀតបានលើកឡើងអំពីគំនិតចង់កាន់កាប់យើង ខ្ញុំមិនអាចទទួលយករឿងនេះដាច់ខាត»

លោក Edege បានបន្តថា «ខ្ញុំគោរពលទ្ធផលនៃការបោះឆ្នោត តែខ្ញុំយល់ថា ខ្ញុំមានកាតព្វកិច្ចក្នុងនាមជា ប្រមុខរដ្ឋាភិបាលចាំផ្ទះ ដូច្នេះហើយ ខ្ញុំបានកោះហៅមេដឹកនាំគណបក្សនានា ដើម្បីបើកកិច្ចប្រជុំមួយឱ្យបានឆាប់»។ លោក Edege កំពុងបន្តដឹកនាំដែនដី Greenland ស្របពេលរង់ចាំការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីបក្សរបស់លោក បានបរាជ័យក្នុងការបោះឆ្នោត កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា លោក ត្រាំ អះអាងថា សហរដ្ឋអាមេរិក ត្រូវការដែនដី Greenland ជាចាំបាច់ ដើម្បីធានាសន្តិសុខរបស់ខ្លួន។ ដោយឡែក យោងតាមការស្ទង់មតិ ប្រជាជនភាគច្រើននៅ Greenland គាំទ្រចង់ឱ្យមានឯករាជ្យចេញពីប្រទេសដាណឺម៉ាក ប៉ុន្តែមិនមែនទៅនៅក្រោម ការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៉ីនតោន នោះទេ៕