(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា បាននិយាយថារុស្ស៉ីគាំទ្រសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែនជាគោលការណ៍ ប៉ុន្តែចង់បាន ការលម្អិតបន្ថែម និងលក្ខខណ្ឌមួយចំនួនដែលនេះមើលទៅហាក់ដូចជាការច្រានចោលការបញ្ឈប់ការវាយប្រយុទ្ធគ្នាភ្លាមៗ ខណៈកងទ័ពរុស្ស៉ីកំពុងមានប្រៀបនៅសមរភូមិ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបង្ហាញការគាំទ្ររបស់លោក ពូទីន ចំពោះសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាជាចេតនាចង់បញ្ជូនសញ្ញាពីសុច្ឆន្ទៈទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងបើកចំហទ្វារសម្រាប់ កិច្ចចរចានៅពេលអនាគតជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ក៏ប៉ុន្តែ លោក ពូទីន បាននិយាយថានៅមានសេចក្ដីលម្អិតសំខាន់ៗជាច្រើនមិនទាន់ត្រូវបានដោះស្រាយ ហើយថាកិច្ចព្រមព្រៀង ណាមួយត្រូវតែដោះស្រាយឬសគល់នៃជម្លោះ។ «យើងយល់ស្របចំពោះសំណើដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នា។ នេះជាគំនិតត្រឹមត្រូវ ហើយពិតណាស់យើងគំាទ្រគំនិតនេះ»។ នេះជាការបញ្ជាក់របស់លោក ពូទីន ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯវិមានក្រឹមឡាំង។ ប៉ុន្តែ លោក ពូទីន បានសង្កត់ធ្ងន់ថាបទឈប់បាញ់ណាមួយគួរតែនាំទៅរកសន្តិភាពយូរអង្វែង ហើយលុបបំបាត់ឬសគល់នៃជម្លោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍នោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោក ពូទីន កំពុងត្រៀមលក្ខណៈបដិសេធសំណើបទឈប់បាញ់ ប៉ុន្តែគ្រាន់តែមិនហ៊ាន ប្រាប់លោក ត្រាំ ត្រង់ៗ តែប៉ុណ្ណោះ៕