(សេអ៊ូល)៖ ប្រធានាធិបតីស្ដីទីរបស់កូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃសុក្រ ទី១៤ ខែមីនា បានអំពាវនាវឱ្យប្រជាជនកូរ៉េខាងត្បូងទាំងអស់គោរព និងទទួលយកការសម្រេចចិត្តណាមួយ នៅមុនការចេញសាលក្រមសម្រេចរបស់តុលាការធម្មនុញ្ញថាតើត្រូវរក្សាទុក ឬបញ្ចប់តំណែងជាប្រធានាធិបតីរបស់លោក Yoon Suk Yeol ពាក់ព័ន្ធនឹងការប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Choi Sang-mok ក៏បានឱ្យដឹងដែរថារដ្ឋាភិបាលនឹងដាក់ពង្រាយកងកម្លាំងប៉ូលិស នៅតាមបរិវេណនៅជុំវិញតុលាការ ជាមួយការសន្យាថានឹងមិនលើកលែងឱ្យដាច់ខាតចំពោះសកម្មភាព ទាំងឡាយណាប្រឆាំងនឹងអាជ្ញាធរសាធារណៈ។ ថ្លែងទៅកាន់កិច្ចប្រជុំមួយជាមួយគណៈរដ្ឋមន្ត្រី លោកប្រធានាធិបតីស្ដីទី បានគូសបញ្ជាក់ដូច្នេះថា «សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុក ដាក់លើកូរ៉េខាងត្បូង។ ភាពធន់នៃប្រជាធិបតេយ្យរបស់យើងកំពុងស្ថិតនៅក្រោមការធ្វើតេស្ត»

លោក Choi បានបន្ថែមទៀតថាជារឿងសំខាន់បំផុតក្នុងការរក្សាស្ថិរភាពសង្គម និងការអភិវឌ្ឍ ហើយប្រជាជនកូរ៉េខាងត្បូងទាំងអស់អាចបញ្ចេញមតិរបស់ពួកគេអនុលោមតាមច្បាប់ គោរព និងទទួល យកលទ្ធផលនៃការសម្រេចចិត្តណាមួយ (របស់តុលាការ)៕