(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនាថាលោកនៅតែមានទំនាក់ទំនងល្អជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែល រូបលោកធ្លាប់បានជួបជាច្រើនលើកអំឡុងអាណត្តិទី១របស់លោក ហើយបានហៅកូរ៉េខាងជើងជាថ្មីម្ដងទៀតថាជាមហាអំណាចនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មានអំឡុងជំនួបជាមួយប្រមុខ NATO លោក Mark Rutte ថាតើរូបលោកមានផែនការបង្កើតទំនាក់ទំនងជាមួយលោក គីម ដែរឬទេ លោក ត្រាំ បានឆ្លើយថា «ខ្ញុំនឹងបង្កើត...ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោក គីម ជុងអ៊ុន ហើយយើងនឹងបានឃើញថានឹងមានអ្វីកើតឡើង ប៉ុន្តែជាការពិត គាត់គឺជាមហាអំណាចនុយក្លេអ៊ែរមួយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ពោលជាថ្ងៃស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២របស់លោក លោក ត្រាំ ក៏ធ្លាប់បានហៅកូរ៉េខាងជើងថាជាមហាអំណាច នុយក្លេអ៊ែរមួយផងដែរ ដោយបង្កឱ្យមានការចោទសួរថាតើលោកអាចនឹងបន្តស្វែងរកកិច្ចចរចាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ជាជាងកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ ឬក៏យ៉ាងណា ខណៈកាលពី អាណត្តិទី១ កិច្ចប្រជុំកំពូលរបស់លោក ត្រាំ ជាមួយលោក គីម ជុងអ៊ុន បានទទួលបរាជ័យ៕