(អ៉ីស្តង់ប៊ូល)៖ គេហទំព័រព័ត៌មានឯករាជ្យជាច្រើន ក្នុងប្រទេសទួរគី ប្រឈមមុខនឹងហានិភ័យនៃការបិទ បន្ទាប់ពីការផ្លាស់ប្តូរក្បួនដោះស្រាយបញ្ហា ដែលធ្វើឡើងដោយក្រុមហ៊ុន Google បានធ្វើឱ្យមានការថយចុះយ៉ាងខ្លាំង ក្នុងចរាចរណ៍អ្នកអាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ ពីបណ្តុំព័ត៌មានឯករាជ្យ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
ពួកគេបានលើកឡើងថា ការផ្លាស់ប្តូរក្បួនដោះស្រាយបញ្ហារបស់ Google បានធ្វើឡើងចាប់ពីដំណាច់ខែមករាមក បានបំផ្លាញចរាចរណ៍អ្នកអានយ៉ាងច្រើន ទៅកាន់គេហទំព័ររបស់ពួកគេ, ដែលពីមុនបានដឹកនាំតាមរយៈឧបករណ៍ «Discover» និង «News» របស់ Google ហើយការផ្លាស់ប្តូរនេះ បានធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេ។
គេហទំព័រព័ត៌មានឯករាជ្យ ក្នុងនោះរួមទាំង T24, Medyascope, Diken និង Birgun ដែរនោះ បានលើកឡើងថា ការផ្លាស់ប្តូរបស់ Google ក៏បានបិទការចូលរបស់សាធារណជន ទៅកាន់ព័ត៌មានផងដែរ។ ពួកគេបន្ថែមថា ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់។
«ក្នុងនាមជាអង្គភាពសារព័ត៌មាន ប្រតិបត្តិការក្នុងប្រទេសទួរគី, យើងសូមប្រកាសថា យើងនឹងក្រោកឈរ ដើម្បីសិទ្ធសាជីវកម្មរបស់យើង, ការងារបុគ្គលិករបស់យើង និងគាំទ្រអ្នកអានរបស់យើង ដែលត្រូវបានលួចយក ដោយសកម្មភាពរបស់ Google លើវេទិកាទាំងអស់», សេចក្តីថ្លែងការណ៍រួមបានលើកឡើង។
គេហទំព័រព័ត៌មានឯករាជ្យថា ពួកគេនឹងដាក់ពាក្យប្តឹងទៅកាន់ស្ថាប័នច្បាប់ក្នុងស្រុក និងអន្តរជាតិ ជាពិសេសអាជ្ញាធរប្រកួតប្រជែងរបស់ទួរគី។
អ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុន Google ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ការផ្លាស់ប្តូរបស់ខ្លួន មិនសំដៅលើគេហទំព័របុគ្គលណាមួយនោះទេ និងថា ពួកគេបានរចនាឡើង ដើម្បីធ្វើឱ្យប្រសើរឡើង នូវមុខងារស្វែងរកទាំងស្រុងរបស់ខ្លួនប៉ុណ្ណោះ។
ក្នុងឆ្នាំ២០២៤ ទួរគី ជាប់ចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោម១៨០ប្រកួត ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មាន នៃក្រុមតស៊ូមតិដោយសេរី Reporters Without Borders។ របាយការណ៍របស់ខ្លួន បានឱ្យដឹងថា ជាមួយនឹង៩០ភាគរយ នៃប្រព័ន្ធផ្សព្វផ្សាយរបស់ទួរគី ស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលនោះ, ពលរដ្ឋទួរគីថ្មីៗនេះ បានងាកទៅតាមដានស្ថាប័នព័ត៌មានរិះគន់ និងឯករាជ្យវិញ សម្រាប់ព័ត៌មានក្នុងស្រុក។
ស្ថាប័នព័ត៌មានឯករាជ្យ ក្នុងប្រទេសទួរគី ពឹងផ្អែកខ្លាំង លើប្រាក់ចំណូលពី Google ដោយសារបណ្តាក្រុមហ៊ុនឯកជន មានភាពស្ទាក់ស្ទើរ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម លើគេហទំព័រព័ត៌មានឯករាជ្យ។
នៅថ្ងៃពុធ, ស្ថាប័នសារព័ត៌មានឯករាជ្យទួរគី Gazete Duvar បានប្រកាសពីការបិទរបស់ខ្លួន, ដោយបានអះអាងថា មានការខាតបង់ប្រាក់ចំណូល ដែលបង្កឡើងដោយការផ្លាស់ប្តូរវិធីដោះស្រាយបញ្ហារបស់ Google ស្របជាមួយនឹងស្ថានភាពសេដ្ឋកិច្ចអតិផរណា៕
https://www.channelnewsasia.com/business/turkeys-independent-news-websites-face-closure-risk-after-google-changes-4998621