(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបញ្ជាក់ថា ការចរចាជាមួយសហរដ្ឋអាមេរិកអាចនឹងកើតឡើងបាន ប៉ុន្តែលុះត្រាតែភាគីទាំងពីរស្ថិតក្នុងលក្ខខណ្ឌស្មើភាពគ្នា។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥។
ការលើកឡើងនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសកាលពីសប្តាហ៍មុនថា លោកបានផ្ញើលិខិតមួយច្បាប់ទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ដើម្បីស្នើឲ្យមានការចរចានុយក្លេអ៊ែរ។ ទោះជាយ៉ាងណា លោក ត្រាំ ក៏បានព្រមានផងដែរថា មានតែជម្រើសពីរប៉ុណ្ណោះ ក្នុងការដោះស្រាយជាមួយអ៊ីរ៉ង់ គឺវិធានការយោធា ឬកិច្ចព្រមព្រៀង។
លោក Araqchi បានថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីរ៉ង់ថា ប្រសិនបើអ៊ីរ៉ង់ចូលតុចរចាខណៈដែលភាគីម្ខាងទៀត (សហរដ្ឋអាមេរិក) កំពុងដាក់សម្ពាធជាអតិបរមា អ៊ីរ៉ង់នឹងស្ថិតក្នុងជំហរទន់ខ្សោយ ហើយនឹងមិនទទួលបានលទ្ធផលអ្វីនោះទេ។ លោកបានបញ្ជាក់ថា ការចរចាដោយស្មើភាពគ្នាជាមួយអ៊ីរ៉ង់អាចកើតមានបាន លុះត្រាតែភាគីម្ខាងទៀតទទួលស្គាល់ជាមុនថា យុទ្ធសាស្ត្រដាក់សម្ពាធមិនបានផលនោះទេ។
គួរបញ្ជាក់ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei បានថ្លែងកាលពីថ្ងៃពុធថា ការពិភាក្សាជាមួយរដ្ឋបាលលោក ត្រាំ នឹងគ្រាន់តែនាំឲ្យមានការរឹតបន្តឹងទណ្ឌកម្ម និងបង្កើនសម្ពាធលើអ៊ីរ៉ង់តែប៉ុណ្ណោះ។
ក្នុងឆ្នាំ ២០១៨ ក្នុងអំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក ត្រាំ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោក ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើអ៊ីរ៉ង់។ មួយឆ្នាំក្រោយមក អ៊ីរ៉ង់បានចាប់ផ្តើមរំលោភលើការរឹតបន្តឹងនុយក្លេអ៊ែរដែលមានចែងក្នុងកិច្ចព្រមព្រៀងនោះ៕