(វ៉ារស្សាវ៉ា)៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឲ្យសហរដ្ឋអាមេរិក ដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីប៉ូឡូញ ដើម្បីជាការរារាំងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែត Financial Times។
លោក Duda បានប្រាប់កាសែតថា លោកបានពិភាក្សាសំណើនេះជាមួយ លោក Keith Kellogg ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ទទួលបន្ទុកកិច្ចការអ៊ុយក្រែននិងរុស្ស៊ី។
ប៉ូឡូញ ធ្លាប់បានបង្ហាញពីការត្រៀមខ្លួន ក្នុងការទទួលយកអាវុធនុយក្លេអ៊ែររបស់អាមេរិក ក្រោមកម្មវិធីចែករំលែកអាវុធនុយក្លេអ៊ែរ (nuclear sharing program)។ អ្នកបង្កើតគោលនយោបាយប៉ូឡូញ ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការពង្រីកឆ័ត្រនុយក្លេអ៊ែររបស់បារាំង ឲ្យគ្របដណ្ដប់លើសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។
លោក Duda បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ FT ថា "ព្រំដែនរបស់ណាតូបានផ្លាស់ប្ដូរទៅទិសខាងកើតក្នុងឆ្នាំ ១៩៩៩ ដូច្នេះ ២៦ ឆ្នាំក្រោយមក ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូក៏គួរតែផ្លាស់ប្ដូរទៅទិសខាងកើតផងដែរ។ សម្រាប់ខ្ញុំ នេះគឺជាក់ស្តែង"។ លោកបានបន្ថែមថា វានឹងមានសុវត្ថិភាពជាង ប្រសិនបើអាវុធទាំងនោះមាននៅក្នុងប្រទេសរួចហើយ។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ដែលជាគូប្រជែងនយោបាយរបស់ប្រធានាធិបតី Duda បានសម្តែងការប្រុងប្រយ័ត្នចំពោះសំណើរស៊ើបបែបនេះ ដោយលោកបានជំរុញឲ្យមានការដោះស្រាយបញ្ហានេះតាមបណ្តាញការទូត ជាជាងការពិភាក្សាជាសាធារណៈ ហើយរង់ចាំការឆ្លើយតបជាវិជ្ជមានពីរដ្ឋបាល ត្រាំ៕