(ម៉ានីល)៖ កាលពីជាង៣ឆ្នាំមុន គ្រួសារអ្នកនយោបាយដ៏មានឥទ្ធិពលបំផុត២ នៅក្នុងប្រទេសហ្វីលីពីន បានរួមដៃគ្នាដើម្បីដណ្ដើមយកជ័យជម្នះដ៏ធំធេងមិនធ្លាប់មាន នៅក្នុងការបោះឆ្នោតសកល ក្នុងពេលជាង ៤ទសវត្សរ៍មកនេះ។ ក៏ប៉ុន្តែ ឥលូវគ្រួសារទាំង២បែរប្រែក្លាយទៅជាសត្រូវនឹងគ្នាទៅវិញ។ នៅក្នុងព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយដែលបានកើតឡើង កាលពីថ្ងៃទី១១ ខែមីនា រដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចាប់ខ្លួន និងចាប់បញ្ជូនអតីតប្រធានាធិបតី លោក Rodrigo Duterte តាមជើងហោះហើរពិសេសមួយឆ្ពោះទៅកាន់ទីក្រុងឡាអេ ជាទីដែលលោកនឹងត្រូវបង្ហាញខ្លួនក្នុងសវនាការ ជំនុំជម្រះនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធសង្រ្គាមប្រឆាំងគ្រឿងញៀន កាលរូបលោកនៅកាន់អំណាច។

ការចាប់ខ្លួនលោក Duterte កើតមានឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីក្រុមតំណាងរាស្ត្រជាសម្ព័ន្ធមិត្តរបស់លោក Marcos បានដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងលោកស្រី Sara Duterte ដែលបច្ចុប្បន្ន ជាអនុប្រធានាធិបតី និងត្រូវជាកូនស្រីបង្កើតរបស់លោក Duterte។ សវនាការជំនុំជម្រះមួយនៅឯព្រឹទ្ធសភាដែលនឹងសម្រេចថាតើលោកស្រីនឹងត្រូវបានទម្លាក់ចេញពីតំណែង ឬក៏យ៉ាងណា គ្រោងនឹងប្រព្រឹត្តទៅ នៅខែកក្កដាខាងមុខ។ ក្រុមអ្នកជំនាញបាននិយាយថាកិច្ចប្រឹងប្រែងរប​ស់លោក Marcos ដើម្បីកម្ចាត់គូប្រជែងនយោបាយដ៏ចម្បងរបស់លោកបានក្លាយជាហ្គេមផ្នាល់មួយដែលអាចនឹងជះផលអាក្រក់ត្រឡប់មកវិញ ជាពិសេសនៅក្នុងការបោះឆ្នោតសភា នៅខែឧសភាខាងមុខ ដែលនឹងកំណត់ថាតើលោក Marcos អាចនឹងសម្រេចបានជោគជ័យកម្រិតណា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ នៃអាណត្តិរបស់លោក។

ឥទ្ធិពលគ្រួសារ Duterte នៅហ្វីលីពីន មិនបានរលាយទៅណានោះទេ ហើយលោកស្រី Sara Duterte គឺជាបេក្ខជនកំពុងនាំមុខគេក្នុងការស្ទង់មតិដែលអាចនឹងទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៨។ នៅមុនពេលត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល លោក Duterte ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្ររូបលោករាប់ពាន់នាក់នៅឯកីឡដ្ឋានមួយ ក្នុងទីក្រុង ហុងកុង។ ហើយខណៈលោក Marcos នៅតែមានប្រជាប្រិយភាពផងនោះ អត្រាគំាទ្ររបស់លោកបែរជាធ្លាក់ចុះទៅវិញមួយផ្នែកដោយសារតែអតិផរណាខ្ពស់ ក្នុងប្រទេសហ្វីលីពីន។ លោក Bob Herrera-Lim ជានាយគ្រប់គ្រងក្រុមហ៊ុនពិគ្រោះយោបល់ Teneo បាននិយាយថា «ប្រសិនបើមានរឿងអាក្រក់កើតឡើងចំពោះសេដ្ឋកិច្ច នោះក្ដីអាណិតអាសូរអាចនឹងបង្វែរទៅរកគ្រួសារ Duterte»។ លោកបន្ថែមថា «សម្រាប់ គ្រួសារលោក Marcos វាគឺជាពេលត្រូវគណនាដ៏ល្អិតល្អន់ដើម្បីកម្ចាត់ឥទ្ធិពលគ្រួសារ Duterte»។

នៅត្រង់ចំណុចនេះ គ្រោះថ្នាក់នោះគឺជម្លោះនយោបាយបាន និងកំពុងបំផ្លាញការជឿទុកចិត្តពីបណ្ដាក្រុមហ៊ុន និងប្រជាជនហ្វីលីពីន ដោយបង្កឱ្យមានខ្យល់បក់បញ្ច្រាសទិសនៅក្នុងកំណើនសេដ្ឋកិច្ចហ្វីលីពីន។ ជាឧទាហរណ៍៖ សន្ទស្សន៍ផ្សារភាគហ៊ុនរបស់ហ្វីលីពីនបានធ្លាក់ចុះអស់ ២ភាគរយ កាលពីថ្ងៃទី១១ ខែមីនា ដែលនេះជាការធ្លាក់ចុះហ៊ុនខ្លាំងបំផុតចាប់តាំងពីថ្ងៃទី៣១ ខែមករា។ សម្រាប់លោក Duterte ដែល សព្វថ្ងៃមានអាយុ ៧៩ឆ្នាំ ដំណាក់កាលបន្ទាប់ គឺត្រូវប្រឈមមុខនឹងការចោទប្រកាន់នៅក្នុងតុលាការ ICC ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោកដែលសម្លាប់មនុស្សជាង ៦០០០នាក់។ ដំបូងឡើយ លោក Marcos ធ្លាប់បានបដិសេធធ្វើកិច្ចសហការជាមួយ ICC។ តែក្រោយមក លោក Marcos បានផ្លាស់ប្ដូរគោលជំហរក្នុងឆ្នាំ២០២៤ បន្ទាប់ពីទំនាក់ទំនងរបស់លោកជាមួយលោកស្រី Sara Duterte ត្រូវបាន កាត់ផ្ដាច់ដោយសារមានគោលនយោបាយផ្ទុយគ្នា។ លោក Marcos បានព្យាយាមស្វែងរកទំនាក់ទំនងរឹងមាំជាមួយសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខជាមួយចិននៅក្នុងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលនេះដើរផ្ទុយពីគោលនយោបាយការបរទេសរបស់លោក Duterte ដែលមានទំនោរងាកទៅរកចិន។

ហ្វីលីពីនតែងតែប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយចិន នៅក្រោមអាណត្តិរបស់លោក Marcos ដែលបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកពង្រីកវត្តមានយោធានៅក្នុងប្រទេសហ្វីលីពីន។ កាលពីថ្ងៃទី១១ ខែមីនានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថាទីក្រុងប៉េកាំងបាន និងកំពុងតាមដានស្ថានការណ៍វិវត្តន៍លើសំណុំរឿងលោក Duterte ដោយបន្ថែមថា ICC គួរតែអនុវត្តតួនាទីរបស់ខ្លួន និងអំណាច ដោយប្រុងប្រយ័ត្នអនុលោមតាមច្បាប់ និងចៀសវាងការប្រឡូកឡាក់នយោបាយ ឬស្ដង់ដារពីរ។ លោក Dereck Aw ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីក្រុមហ៊ុន Control Risks បាននិយាយថា «ការចាប់ខ្លួន លោក Duterte គឺជាការដុតបញ្ឆេះជម្លោះកាន់តែក្ដៅរវាងគ្រួសារ Duterte និងគ្រួសារ Marcos»។ លោក Duterte ធ្លាប់បានស្នើឱ្យតុលាការកំពូលហ្វីលីពីន បញ្ឈប់ការអនុវត្តតាមបទបញ្ជារបស់ ICC ដោយសំអាងថាសំណើ ឬដីកាចាប់ខ្លួន របស់បរទេសមិនមានឥទ្ធិពលដោយស្វ័យប្រវតិ្តលើច្បាប់របស់ហ្វីលីពីននោះទេ។ តែ លោក Marcos វិញបាននិយាយថាលោកត្រូវតែអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ហ្វីលីពីនចំពោះប៉ូលិស Interpol។

លោកស្រី Sara Duterte បានរិះគន់ធ្ងន់ៗលើចំណាត់ការរបស់លោក Marcos ដោយអះអាងថាវាបានបង្ហាញទៅកាន់ពិភពលោកថារដ្ឋាភិបាលហ្វីលីពីនសព្វថ្ងៃមានឆន្ទៈបោះបង់ចោលពលរដ្ឋរបស់ខ្លួន ដែលនេះជាទង្វើក្បត់ ទៅនឹងអធិបតេយ្យ និងភាពថ្លៃថ្នូររបស់ជាតិ។ លោកស្រីបានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «នៅថ្ងៃនេះ រដ្ឋាភិបាលរបស់យើងបានប្រគល់ពលរដ្ឋហ្វីលីពីនម្នាក់ ហើយពលរដ្ឋរូបនោះទៀតសោត ថែមទាំងជា អតីតប្រធានាធិបតីម្នាក់ទៀតផង ទៅឱ្យពួកមហាអំណាច។ នេះជាការប្រមាថដោយបើកចំហចំពោះអធិបតេយ្យរបស់យើង និងជាការប្រមាថដល់ប្រជាជនហ្វីលីពីនគ្រប់រូបដែលជឿជាក់លើឯករាជ្យភាពនៃប្រទេសរបស់យើង»។ ក្រុមសមាជិករដ្ឋសភាដែលជាសម្ព័ន្ធមិត្តរបស់លោក Marcos បានដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រឆាំងលោកស្រី Sara Duterte កាលពីខែកុម្ភៈកន្លងទៅ ដោយចោទលោកស្រីថាបានប៉ុនប៉ងសម្លាប់លោក Marcos និងកិបកេងលុយរដ្ឋដែលជាការចោទប្រកាន់ត្រូវបានលោកស្រីច្រានចោល។

តាមលោក Herrera-Lim ដោយសារតែមិនមានប្រតិកម្មជំទាស់ ឬបាតុកម្មតវ៉ាទ្រង់ទ្រាយធំភ្លាមៗប្រឆាំងនឹងការចាប់ខ្លួនលោក Duterte រដ្ឋាភិបាលលោក Marcos អាចនឹងចាប់យកឱកាសដើម្បីពន្លឿនការដកតំណែងលោកស្រី Sara Duterte។ «វាមើលទៅនឹងបង្កើនលទ្ធភាពអាចទៅរួចថារដ្ឋាភិបាលនឹងព្យាយាមដាក់សម្ពាធលើសមាជិកព្រឹទ្ធសភាឱ្យកាត់ទោសលោកស្រី Sara Duterte»។ នេះជាការយល់ឃើញរបស់លោក Herrera-Lim។

គួរបញ្ជាក់ថា ក្រុមអ្នកគាំទ្រលោក Duterte រាប់រយនាក់បានប្រមូលផ្ដុំគ្នា និងធ្វើការបន់ស្រន់ កាលពីថ្ងៃទី១២ ខែមីនា នៅឯអាកាសយានដ្ឋានក្នុងទីក្រុងម៉ានីលជាទីដែលអតីតមេដឹកនាំរូបនេះត្រូវបានចាប់ខ្លួន។ ចំណែក នៅលើកោះ Mindanao វិញ មានមនុស្សរាប់ពាន់នាក់ក៏បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំងជំទាស់នឹងការចាប់ខ្លួនលោក Duterte ផងដែរ ខណៈក្រុមសកម្មជនសិទ្ធិមនុស្ស និងក្រុមគ្រួសារសាច់ញាតិអ្នកដែលត្រូវបានសម្លាប់ ក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន បានអបអរ និងស្វាគមន៍ការចាប់ខ្លួនលោក Duterte៕