(ហ្សឺណែវ)៖ របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍»ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា តាមរយៈការបំផ្លិចបំផ្លាញជាប្រព័ន្ធនូវផ្នែកថែទាំសុខភាពរបស់ស្ត្រី និងការប្រើប្រាស់អំពើហិង្សាផ្លូវភេទជាយុទ្ធសាស្ត្រសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយចាត់ទុកថារបាយការណ៍នេះមានភាពលម្អៀង និងប្រឆាំងនឹងសាសន៍យូដា។ លោកបានថ្លែងថា ជំនួសឲ្យការផ្ដោតលើឧក្រិដ្ឋកម្មរបស់ក្រុមហាម៉ាស់ អង្គការសហប្រជាជាតិបែរជាវាយប្រហារអ៊ីស្រាអែល ដោយការចោទប្រកាន់មិនពិត។ អ៊ីស្រាអែលបានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN កាលពីខែកុម្ភៈ។
គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យបានបញ្ជាក់ថា សកម្មភាពរបស់អ៊ីស្រាអែលក្នុងការបំផ្លាញសមត្ថភាពបន្តពូជរបស់ជនជាតិប៉ាឡេស្ទីន រួមទាំងការដាក់វិធានការការពារការមានកូន គឺជាអំពើប្រល័យពូជសាសន៍ស្របតាមលក្ខន្តិកៈទីក្រុងរ៉ូម និងអនុសញ្ញាស្ដីពីការប្រល័យពូជសាសន៍។ គណៈកម្មការក៏បានលើកឡើងថា ការកើនឡើងនៃអត្រាមរណភាពមាតា ដោយសារកង្វះសម្ភារវេជ្ជសាស្ត្រ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការសម្លាប់រង្គាល។
របាយការណ៍ដដែល បានចោទប្រកាន់កងកម្លាំងសន្តិសុខអ៊ីស្រាអែល ពីបទប្រើប្រាស់ការបណ្តេញចេញជាសាធារណៈដោយបង្ខំ និងអំពើហិង្សាផ្លូវភេទជាផ្នែកមួយនៃនីតិវិធីបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មប្រជាជនប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារដែលដឹកនាំ ដោយក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣៕