(ហុងគ្រី)៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ហុងគ្រី​ ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban នៅថ្ងៃ​ព្រហស្បតិ៍ ដែលត្រូវបានចុះផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

កាលពី​ខែ​វិច្ឆិកា លោក Orban បាន​អញ្ជើញ​លោក Netanyahu ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​ហុងគ្រី ដោយ​សន្យា​ថា​នឹង​មិន​អនុវត្ត​តាម​ដីកា​ចាប់​ខ្លួនលោក ​របស់តុលាការ ICC នោះទេ ទាក់ទង​នឹង​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា។

លោក Gergely Gulyas ប្រធាន​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ហុងគ្រី បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​មុន​បុណ្យ Easter (ថ្ងៃ​ទី ២០ ខែ​មេសា)។ ប៉ុន្តែ​ លោក​បាន​បន្ថែម​ថា កាលបរិច្ឆេទ​ជាក់លាក់​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​ក្រោយ ដោយ​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព។

ការ​ប្រកាស​នេះ​កើតឡើង ​ខណៈ​ដែល​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​បញ្ជាក់​ថា ពួកគេ​នឹង​ចាប់​ខ្លួន​លោក Netanyahu ប្រសិនបើ​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​របស់​ខ្លួន។ រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ រួម​ទាំង​ហុងគ្រី គឺ​ជា​សមាជិក​របស់ ICC ដែល​មាន​ន័យ​ថា​ពួកគេ​មាន​កាតព្វកិច្ច ​អនុវត្ត​តាម​ដីកា​របស់​តុលាការ។ ទោះ​ជា​យ៉ាង​ណា លោក Orban ដែល​ជា​អ្នក​ជាតិនិយម​ស្តាំ​និយម តែងតែ​មាន​ជម្លោះ​ជាមួយ​សហភាព​អឺរ៉ុប​ ជុំវិញ​បញ្ហា​ស្តង់ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ហុងគ្រី។

គួរបញ្ជាក់ថា តុលាការ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក Netanyahu និង​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​លោក ក៏​ដូច​ជា​មេដឹកនាំ​ក្រុម​ហាម៉ាស់ លោក Ibrahim Al-Masri កាលពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុង​ជម្លោះ​នៅ​តំបន់​ហ្គាហ្សា៕