(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងធ្វើឱ្យមានសង្គ្រាមពាណិជ្ជកម្មសកលកាន់តែខ្លាំង ជាមួយនិងការយកពន្ធគយបន្ថែមលើទំនិញរបស់សហភាពអឺរ៉ុប (EU) ខណៈដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិកបាននិយាយថា ពួកគេនឹងសងសឹកចំពោះរបាំងពាណិជ្ជកម្មដែលលោក ត្រាំ ដាក់ចេញរួចហើយនោះ។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ ២០២៥។

ប៉ុន្មានម៉ោងបន្ទាប់ពីពន្ធគយ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកកាន់សហរដ្ឋអាមេរិក បានចូលជាធរមាន លោក ត្រាំ និយាយថា លោកនឹងចាត់វិធានការថែមទៀត ប្រសិនបើ EU អនុវត្តផែនការប្រឆាំងនឹងទំនិញមួយចំនួនរបស់អាមេរិកវិញ នៅខែក្រោយ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា «អ្វីក៏ដោយដែលពួកគេចោទប្រកាន់យើង យើងនឹងគិតការប្រាក់ចំពោះពួកគេវិញ»

កាណាដា ដែលជាអ្នកផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុតដល់សហរដ្ឋអាមេរិក បានប្រកាសពន្ធសងសឹក ២៥ភាគរយលើលោហធាតុទាំងនោះ រួមជាមួយនិងកុំព្យូទ័រ ឧបករណ៍កីឡា ក៏ដូចជាផលិតផលផ្សេងទៀតមានតម្លៃសរុប ២០ពាន់លានដុល្លារ។ កាណាដា​ ក៏បាន​ដាក់​ពន្ធ​ដែល​មានតម្លៃ​ប្រហាក់ប្រហែល​គ្នា​លើ​ទំនិញ​អាមេរិក​រួច​ហើយ​ នៅក្នុង​ការ​ឆ្លើយ​តប​នឹង​ការដាក់ពន្ធ​របស់​លោក ត្រាំ ផងដែរ។

គួរបញ្ជាក់ថា វិធានការដាក់ពន្ធគយរបស់លោក ត្រាំ បានធ្វើឱ្យអ្នកវិនិយោគ អ្នកប្រើប្រាស់ និងទំនុកចិត្តអាជីវកម្មមានភាពរង្គោះរង្គើ ហើយបង្កើនការភ័យខ្លាចពីការធ្លាក់ចុះសេដ្ឋកិច្ច៕