Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន ដាក់បទបញ្ជាឱ្យបណ្តេញកងទ័ពអ៊ុយក្រែននៅសល់ ចេញពីទឹកដីរុស្ស៉ីឱ្យអស់ (Video inside)

13-03-2025 11:21

(មូស្គូ)៖ ក្នុងពេលចុះទៅតំបន់ Kursk លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីបង្កើនការវាយលុក និងដណ្តើមយកទឹកដីរុស្ស៉ីដែលនៅសេសសល់ ពីដៃកងកម្លាំងអ៊ុយក្រែនមកវិញឱ្យបានឆាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ ២០២៥។

លោក ពូទីន បាននិយាយថា «ភារកិច្ចរបស់យើងនាពេលខាងមុខ ក្នុងរយៈពេលដ៏ខ្លីបំផុត គឺកម្ចាត់សត្រូវដែលបានចូលកាន់កាប់ក្នុងតំបន់ Kursk ហើយបន្តប្រយុទ្ធនៅទីនេះ ដើម្បីរំដោះទឹកដីទាំងស្រុង និងស្តារស្ថានការណ៍ឡើងវិញតាមខ្សែបន្ទាត់ព្រំដែនរដ្ឋ»

លោក ពូទីន បញ្ជាក់ទៀតថា លោកកំពុងពិចារណាបង្កើតតំបន់ការពារថ្មីមួយ នៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន ដែលនៅជាប់នឹងតំបន់ Kursk ដើម្បីការពារពីការលុកលុយរបស់អ៊ុយក្រែននាពេលអនាគត។ រីឯករណីពលរដ្ឋបរទេស ដែលមកប្រយុទ្ធជាមួយអ៊ុយក្រែន ហើយត្រូវចាប់ខ្លួននៅតំបន់ Kursk និងគ្មានសិទ្ធិទទួលបានការការពារពីអនុសញ្ញាទីក្រុងហ្សឺណែវ ដូច្នេះទាហានអ៊ុយក្រែនដែលត្រូវចាប់ខ្លួនបាននៅទីនេះដូចគ្នា ក៏គួរតែត្រូវបានចាត់ទុកជាភេរវករ។

គួរបញ្ជាក់ថា ការចុះទៅកាន់តំបន់ Kursk ជាទីដែលអ៊ុយក្រែនបើកការវាយលុកឆ្លងព្រំដែន នៅខែសីហា ឆ្នាំមុន ពីសំណាក់ លោក ពូទីន បានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន ស្នើឱ្យលោកពិចារណាលើសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ។ សំណើនេះក៏ត្រូវបានគាំទ្រដោយអ៊ុយក្រែនផងដែរ និងនៅខណៈដែលកងកម្លាំងរុស្ស៉ី ដណ្តើមបានមកវិញនូវទឹកដីក្នុងតំបន់ Kursk ដោយបង្ខំឱ្យទាហានអ៊ុយក្រែនដកថយចេញពីភូមិ Sudzha របស់រុស្ស៉ី៕