(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១១ ខែមីនា បានយល់ព្រមថានឹងចាប់ផ្ដើមផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឱ្យអ៊ុយក្រែនឡើងវិញ បន្ទាប់ពីមានកិច្ចពិភាក្សាមួយ ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែលទីក្រុងកៀវបាននិយាយថាខ្លួននឹងទទួលយកសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃរបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាផែនការរបស់អាមេរិក មានរួមបញ្ចូលទាំងបទឈប់បាញ់ពេញលេញមួយជាបណ្ដោះអាសន្ន មានរយៈពេល៣០ថ្ងៃ ដោយមិនត្រឹមតែបញ្ឈប់ការវាយប្រហារដោយមីស៊ីល ដ្រូន ការទម្លាក់គ្រាប់បែក និងការវាយប្រហារក្នុងតំបន់សមុទ្រខ្មៅ ប៉ុណ្ណោះទេ តែការវាយប្រហារនៅតាមសមរភូមិមុខក៏ត្រូវបញ្ឈប់ផងដែរ។ តាមលោក ហ្សេលេនស្គី អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកសំណើបទឈប់បាញ់នេះ ហើយឥលូវគឺអាស្រ័យលើសហរដ្ឋអាមេរិកដែលត្រូវបញ្ចុះបញ្ចូលឱ្យរុស្ស៉ីទទួលយកបទឈប់បាញ់នេះដែរ។
* ការវាយប្រយុទ្ធគ្នាអាចនឹងត្រូវបញ្ឈប់ភ្លាមៗ បើរុស្ស៉ីយល់ព្រមទទួលយកបទឈប់បាញ់
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិក នឹងបញ្ជូនសំណើទៅកាន់រុស្ស៉ី ហើយថាការសម្រេចចិត្តយ៉ាងណាគឺអាស្រ័យលើទីក្រុងមូស្គូ។ លោក Rubio បានគូសបញ្ជាក់ប្រាប់ ក្រុមអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចពិភាក្សាជាង ៨ម៉ោង ក្នុងទីក្រុង Jeddah ជាមួយភាគីអ៊ុយក្រែនដូច្នេះថា «យើងសង្ឃឹមថារុស្ស៉ីនឹងផ្ដល់ចម្លើយយល់ព្រមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះទើប យើងអាចចាប់ផ្ដើមដំណាក់កាលទី២ ដែលជាកិច្ចចរចាពិតប្រាកដ»។
ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងពេញលេញមួយទាំងជាមួយរុស្ស៉ី និងអ៊ុយក្រែន ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គេត្រូវរង់ចាំ មើលសិនថាតើរុស្ស៉ីនឹងផ្ដល់ចម្លើយបែបណា? រុស្ស៉ីបានបង្ហាញការពេញចិត្តចំពោះជំហររបស់រដ្ឋបាលលោក ត្រាំ ហើយបទឈប់បាញ់ក៏មិនបានដាក់លក្ខខណ្ឌជាមុនណាមួយលើរុស្ស៉ីនោះដែរ ដោយក្នុងពេលនេះ អ្វីដែលគេបានដឹងគឺការផ្តោតតែទៅលើការបញ្ឈប់ការវាយប្រយុទ្ធ។ តាមសេចក្ដីថ្លែងការណ៍រួមរបស់អាមេរិក និងអ៊ុយក្រែន នៅក្រោមផែនការបទឈប់បាញ់ ការបញ្ឈប់ការវាយប្រយុទ្ធនឹងជួយសម្រួលទៅដល់កិច្ចការ មនុស្សធម៌ ក្នុងនោះរួមមានការដោះដូរឈ្លើយសឹក ដោះលែងជនស៊ីវិលដែលត្រូវបានឃុំខ្លួន និងដោះលែងកុមារអ៊ុយក្រែនដែលទីក្រុងកៀវចោទថារុស្ស៉ីបានចាប់ពង្រត់ទាំងបង្ខំ។
* តើលោក ពូទីន នឹងទទួលយកបទឈប់បាញ់ដែរឬទេ?
ចម្លើយបឋមរបស់ទីក្រុងមូស្គូ ហាក់មិនលះទាល់តែសោះ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី TASS អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយថា «យើងនឹងមិនច្រានចោល ការទំនាក់ទំនងជាមួយអ្នកតំណាងអាមេរិកនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះនោះទេ»។ ក្រុមមន្ត្រីលោកខាងលិចបានបង្ហាញការសង្ស័យជាយូរណាស់មកហើយថាតើលោក ពូទីន ពិតជាចាប់អារម្មណ៍ចំពោះសន្តិភាព យូរអង្វែងដែរឬក៏យ៉ាងណានោះទេ បើទោះលោកទទួលយកបទឈប់បាញ់៣០ថ្ងៃនេះក៏ដោយ? ពីព្រោះបច្ចុប្បន្ន កងទ័ពរុស្ស៉ីកំពុងមានប្រៀបនៅលើសមរភូមិ ហើយអាមេរិក និងអឺរ៉ុបក៏កំពុងរកាំរកូសនឹងគ្នាផងនោះ។ លោក ពូទីន ក៏បានដាក់លក្ខខណ្ឌផងដែរជាមួយការទាមទារឱ្យមានកិច្ចព្រមព្រៀងយូរអង្វែងមួយដែលពិបាកនឹងឱ្យអ៊ុយក្រែនទទួលយក ក្នុងនោះមានដូចជាហាមឃាត់ការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប លើទឹកដីអ៊ុយក្រែន និងការទទួលស្គាល់ជាអន្តរជាតិលើទឹកដីអ៊ុយក្រែនដែលរុស្ស៉ីកំពុងកាន់កាប់។ ដូច្នេះវាពិបាកឆ្លើយណាស់ថាតើលោក ពូទីន នឹងសម្រុះសម្រួល ឬព្រមបោះបង់ចោលលក្ខខណ្ឌទាំងនេះ ដោយគ្រាន់តែ លោក ត្រាំ ចង់ឱ្យរូបលោកធ្វើដូច្នេះនោះ។
* មិនមែនជាកិច្ចព្រមព្រៀងសន្តិភាព
លក្ខខណ្ឌនៃសំណើរបស់សហរដ្ឋអាមេរិក គ្រាន់តែជាបទឈប់បាញ់បណ្ដោះអាសន្នមួយប៉ុណ្ណោះ ហើយបទឈប់បាញ់អាចនឹងត្រូវបានពន្យារ ប្រសិនបើភាគីទាំងសងខាងយល់ព្រមបន្ត។ នៅពេលការវាយប្រយុទ្ធគ្នា ត្រូវបានបញ្ឈប់ កិច្ចចរចានឹងចាប់ផ្ដើមភា្លមៗស្ដីពីលក្ខខណ្ឌនៃសន្តិភាពអចិន្ត្រៃយ៍មួយ។ ទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែនបានសន្យាថានឹងចាត់តាំងក្រុមអ្នកចរចារបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
* មិនមែនជាកិច្ចព្រមព្រៀងរ៉ែ
លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថាលោកចង់ឱ្យក្រុមហ៊ុនអាមេរិកធ្វើអាជីវកម្មលើរ៉ែសំខាន់ៗរបស់អ៊ុយក្រែន ដូចជា lithium, uranium និង titanium។ ដំបូងឡើយ លោក ហ្សេលេនស្គី ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្ដីពីការផ្ដល់សិទ្ធិធ្វើអាជីវកម្មរ៉ែឱ្យក្រុមហ៊ុនអាមេរិក នៅពេលរូបលោកធ្វើទស្សនកិច្ចទៅកាន់សេតវិមានកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ តែប្រធានាធិបតីអ៊ុយក្រែនរូបនេះបែរជាត្រូវចាកចេញពីសេតវិមាន មុនគម្រោងដោយមិនបានចុះកិច្ចព្រមព្រៀងរ៉ែនោះទេ ក្រោយប៉ះសម្ដីគ្នាខ្លាំងជាមួយលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance។ ក្រោយផែនការបទឈប់បាញ់ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ទី១១ ខែមីនា លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកនឹងអញ្ជើញលោក ហ្សេលេនស្គីទៅកាន់សេតវិមានសាជាថ្មី។
* អ៊ុយក្រែនមិនត្រូវបានប្រាប់ឱ្យកាត់ដី
នៅមុនកិច្ចពិភាក្សាចាប់ផ្ដើម លោក Rubio បានព្រមានថាទីក្រុងកៀវអាចនឹងធ្វើសម្បទានមួយចំនួន ក្នុងនោះរួមមានទាំងទឹកដីផងដែរ។ ប៉ុន្តែ អំឡុងកិច្ចពិភាក្សាចាយពេលជាង៨ម៉ោង ក្នុងទីក្រុង Jeddah កាលពីថ្ងៃអង្គារ ប្រធានបទកាត់ទឹកដីមិនត្រូវបានលើកយកទៅពិភាក្សាឡើយ។ នេះបើតាមក្រុមមន្ត្រីអ៊ុយក្រែន។ តែទោះជាបែបនេះក្ដី រឿងសម្បទានទឹកដីនេះអាចនឹងត្រូវលើកយកទៅដាក់លើតុចរចា ប្រសិនបើកិច្ចចរចាពិតប្រាកដ ណាមួយស្ដីពីសន្តិភាពជាអចិន្ត្រៃយ៍ចាប់ផ្ដើមមែននោះ។
* លោក ត្រាំ មិនទាន់យល់ព្រមផ្ដល់ការធានាសន្តិសុខ
លោកប្រធានាធិបតីអាមេរិក ត្រាំ បានបញ្ជាក់ថាមិនមានបំណងផ្ដល់ការធានាសន្តិសុខដល់អ៊ុយក្រែននោះទេ ដ្បិតលោកយល់ថាការធានាសន្តិសុខនេះគឺជាកិច្ចការរបស់អឺរ៉ុប មិនមែនសហរដ្ឋអាមេរិកនោះទេ។ ចំណែក សេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃអង្គារ ក៏មិនបានបង្ហាញថាជំហរបែបនេះរបស់លោក ត្រាំ បានផ្លាស់ប្ដូរនោះដែរ។
* អឺរ៉ុបគួរតែមានវត្តមានចូលរួម
សេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន បាននិយាយថាអ៊ុយក្រែនចង់ឱ្យប្រទេសជាដៃគូរបស់ខ្លួនក្នុងតំបន់អឺរ៉ុបចូលរួមក្នុងកិច្ចចរចាសន្តិភាព។ តែវាមិនទាន់ច្បាស់ថាតើភាគីអាមេរិកយល់ព្រមលើចំណុច នេះដែរឬក៏យ៉ាងណានោះទេ? តែទោះជាបែបនេះក្ដី ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបង្ហាញការសាទរភ្លាមៗចំពោះភាពរីកចម្រើន ឆ្ពោះទៅរកសន្តិភាពនៅក្នុងកិច្ចចរចា៕