(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតបន្ថែម ពីសហរដ្ឋអាមេរិកទាក់ទងនឹងសំណើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន ខណៈប្រភពជាន់ខ្ពស់របស់ទីក្រុងម៉ូស្គូបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយ នឹងត្រូវគិតគូរពីការឈានទៅមុខរបស់កងកម្លាំងរុស្ស៊ី និងដោះស្រាយកង្វល់របស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះសង្គ្រាមនៅអ៊ុយក្រែន ដោយចាប់ផ្តើមកិច្ចចរចាទ្វេភាគីជាមួយរុស្ស៊ី និងផ្អាកជំនួយយោធានិងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន ដោយលើកឡើងថា អ៊ុយក្រែនត្រូវតែយល់ព្រមលើលក្ខខណ្ឌដើម្បីបញ្ចប់ជម្លោះ។
ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានយល់ព្រមបន្តផ្តល់ជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់ឡើងវិញ បន្ទាប់ពីអ៊ុយក្រែនបានប្រកាសថាខ្លួនត្រៀមខ្លួនគាំទ្រសំណើបទឈប់បាញ់ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា វិមានក្រឹមឡាំងកំពុងសិក្សាលទ្ធផលនៃកិច្ចប្រជុំនៅទីក្រុង Jeddah ដោយយកចិត្តទុកដាក់ ហើយនឹងរង់ចាំព័ត៌មានលម្អិតពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកត្រៀមខ្លួនជាស្រេចក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាម ហើយលោក ត្រាំ ក៏បានបង្ហាញពីជំនឿថាលោក Putin ចង់បញ្ចប់សង្គ្រាមដែរ។ ទោះជាយ៉ាងណា មេដឹកនាំលោកខាងលិចមួយចំនួននៅតែមានមន្ទិលសង្ស័យចំពោះចេតនារបស់លោក Putin។ លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកសង្ឃឹមថា រុស្ស៊ីនឹងយល់ព្រមលើបទឈប់បាញ់ ហើយថាលោកនឹងពិភាក្សាជាមួយលោក Putin ក្នុងសប្តាហ៍នេះ៕