(កូប៉ិនហាក)៖ គណបក្ស Demokraatit ដែលជាបក្សប្រឆាំងមួយរបស់ Greenland មាននិន្នាការគាំទ្រការធ្វើអាជីវកម្ម មិនទាន់ចង់បានឯករាជ្យភ្លាមៗ ពីប្រទេសដាណឺម៉ាក បានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ ២០២៥។
ក្រោយការរាប់សន្លឹកឆ្នោត Demokraatit party ទទួលបានសំឡេងគាំទ្រ ២៩.៩ភាគរយ ដែលកើនឡើងពីចំនួន ៩.១ភាគរយ ក្នុងឆ្នាំ ២០២១ និងនាំមុខគណបក្សប្រឆាំងមួយទៀតគឺ Naleraq ដែលគាំទ្រចង់បានឯករាជ្យភ្លាមៗ និងទទួលបានសំលេងគាំទ្រ ២៤.៥ភាគរយ។
លោក Jens-Frederik Nielsen មេដឹកនាំបក្ស Demokraatit និងជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងរ៉ែ និយាយថា «មនុស្សចង់បានការផ្លាស់ប្តូរ។ យើងចង់បានអាជីវកម្មបន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដល់សុខុមាលភាពរបស់យើង»។ លោកបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុង Nuuk ថា «យើងមិនទាន់ចង់បានឯករាជ្យនៅថ្ងៃស្អែកទេ យើងចង់បានគ្រឹះដ៏រឹងមាំសិន»។
គណបក្សកាន់អំណាច Inuit Ataqatigiit និងបក្សដៃគូ Siumuta ដែលមិនទាន់ចង់បានឯករាជ្យពីដាណឺម៉ាកភ្លាមៗដែរនោះ ទទួលបានសំលេងគាំទ្របូកសរុបគ្នាត្រឹមតែ ៣៦ភាគរយប៉ុណ្ណោះ ដែលជាការថយចុះពី៦៦.ភាគរយ កាលពីឆ្នាំ២០២១។ នាយករដ្ឋមន្រ្តី Greenland លោក Mute Egede គូសបញ្ជាក់ថា «យើងគោរពលទ្ធផលបោះឆ្នោតនេះ»។
គួរបញ្ជាក់ថា ការបោះឆ្នោតខាងលើ ប្រព្រឹត្តទៅក្នុងគ្រាមួយដែល Greenland កំពុងត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញពីបំណងចង់គ្រប់គ្រង៕