Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខចារកម្មអាមេរិក-រុស្ស៉ី ជួបសន្ទនាតាមទូរស័ព្ទ និងយល់ព្រមរក្សាការទាក់ទងគ្នាជាប្រចាំ (Video inside)

12-03-2025 16:02

(មូស្គូ)៖ នៅថ្ងៃពុធ ទី១២ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា ប្រធានទីភ្នាក់ងារចារកម្មអាមេរិកនិងរុស្ស៉ី បានសន្ទនាទូរស័ព្ទ ហើយបានព្រមព្រៀងគ្នារក្សាការទាក់ទងជាប្រចាំ ដើម្បីបន្ធូរបន្ថយកម្តៅក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សារព័ត៌មានរុស្ស៉ី TASS បាននិយាយថា ប្រធាន CIA លោក John Ratcliffe និងប្រធាន SVR លោក Sergei Naryshkin បានជជែកគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបានយល់ព្រមឱ្យមានការទាក់ទងគ្នាជាប្រចាំ រវាងទីភ្នាក់ងារចារកម្មទាំងពីរ ក្នុងគោលដៅចូលរួមចំណែក ដល់ស្ថិរភាពនិងសន្តិសុខអន្តរជាតិ ព្រមទាំងដើម្បីបន្ធូរបន្ថយ ការប្រឈមមុខគ្នាក្នុងទំនាក់ទំនង រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៉ីនតោន។

វាគឺជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូង រវាងប្រមុខចារកម្មទាំងពីរ គិតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្រឡប់មកកាន់អំណាចឡើងវិញ ហើយបានប្តេជ្ញាបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឱ្យបានឆាប់តាមតែអាចទៅរួច។ វាកើតឡើង ក្នុងថ្ងៃតែមួយ ដែលអ៊ុយក្រែនបានគាំទ្រសំណើរបស់អាមេរិក អំឡុងជំនួបពិភាក្សាជាច្រើនម៉ោង នៅអារ៉ាប៊ីសាអូឌីត សម្រាប់បទឈប់បាញ់មួយរយៈពេល៣០ថ្ងៃ ហើយបានយល់ព្រម​ចូលតុចរចាភ្លាមៗជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា ការទាក់ទងគ្នាចុងក្រោយ ដែលត្រូវបានរាយការណ៍ រវាងប្រធានទីភ្នាក់ងារ CIA និងទីភ្នាក់ងារ SVR គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលលោក Naryshkin បានជជែកទល់មុខផ្ទាល់ ជាមួយអតីតមេ CIA លោក William Burns នៅទីក្រុងអង់ការ៉ានៃប្រទេសតួកគី៕