Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីបន្តវាយប្រហារលើអ៊ុយក្រែន ជាមួយមីស៉ីល៣គ្រាប់ និងយន្តហោះដ្រូន១៣៣គ្រឿង (Video inside)

12-03-2025 15:28

(កៀវ)៖ នៅថ្ងៃពុធ ទី១២ ខែមីនា យោធាអ៊ុយក្រែន បាននិយាយថា រុស្ស៉ីបានបាញ់មីស៉ីល៣គ្រាប់ និងយន្តហោះដ្រូន១៣៣គ្រឿង ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីអ៊ុយក្រែន បានព្រមទទួលយកសំណើបទឈប់បាញ់ ៣០ថ្ងៃ អំឡុងជំនួបជាមួយក្រុមមន្រ្តីអាមេរិក នៅអារ៉ាប៊ីសាអូឌីត ហើយពេលនេះកំពុងរង់ចាំមើល ការឆ្លើយតបពីទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោធាអ៊ុយក្រែន បានអះអាងថា កងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូន៩៨គ្រឿង ហើយ២០គ្រឿងទៀត ត្រូវបានរារាំងមិនឱ្យហោះទៅដល់គោលដៅ តាមរយៈប្រព័ន្ធទប់ទល់សង្រ្គាមអេឡិចត្រូនិក។ ទន្ទឹមគ្នានេះ អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីស៉ីលបាលិស្ទីគរបស់រុស្ស៉ី លើទីក្រុងកំពង់ផែ Odesa ភាគខាងត្បូង បានបណ្តាលឱ្យ​មនុស្ស៤នាក់ស្លាប់ និងខូចខាតកប៉ាល់ដឹកជញ្ជូន១គ្រឿង។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ មុនជំនួបរវាងក្រុមមន្រ្តីអ៊ុយក្រែនិងអាមេរិក នៅទីក្រុង Jeddah រុស្ស៉ីក៏បានបាញ់មីស៉ីលបាលិស្ទីគ ១គ្រាប់ រួមជាមួយដ្រូន៧៩គ្រឿង លើអ៊ុយក្រែនផងដែរ ខណៈអ៊ុយក្រែនវិញ បានបើកការវាយប្រហារតាមផ្លូវអាកាសធំបំផុតលើរុស្ស៉ី ជាមួយយន្តហោះដ្រូនរហូតដល់៣៣៧គ្រឿង ជាហេតុបណ្តាលឱ្យមាន​មនុស្សស្លាប់ យ៉ាងហោច៣នាក់៕