អូស្រ្តាលី ថាមិនដាក់ពន្ធគយឆ្លើយតបចំពោះអាមេរិកវិញទេ ពីព្រោះអាចត្រឹមតែធ្វើឱ្យមានអតិផរណា (Video inside)
12-03-2025 11:53
(ស៉ីដនី)៖ នាយករដ្ឋមន្ត្រី លោក Anthony Albanese បាននិយាយនៅថ្ងៃពុធ ទី១២ ខែមីនានេះថា អូស្ត្រាលីនឹងមិនដាក់ពន្ធគយទៅលើសហរដ្ឋអាមេរិកវិញនោះទេ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ច្រានចោលគំនិតលើកលែង ឬបន្ធូបន្ថយចំពោះប្រទេសទាំងអស់ ពីការដាក់ពន្ធដែកថែប និងអាលុយមីញ៉ូម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ ធ្លាប់និយាយថា អាចពិចារណាលើកលែងចំពោះអូស្ត្រាលី ដោយមើលឃើញពីអតិរេកពាណិជ្ជកម្មប្រចាំឆ្នាំ របស់សហរដ្ឋអាមេរិកជាមួយប្រទេសនេះ។ យ៉ាងនេះក្តី កាលពីថ្ងៃអង្គារសប្តាហ៍ សេតវិមានបានប្រកាសថា ពន្ធ ២៥ភាគរយដែលបានគ្រោងទុកកាលពីមុន ទៅលើផលិតផលដែក និងអាលុយមីញ៉ូម ដែលនាំចូលមកក្នុងសហរដ្ឋអាមេរិកពីគ្រប់ប្រទេសទាំងអស់ ត្រូវចូលជាធរមាននៅថ្ងៃពុធនេះ។
លោក Albanese គូសបញ្ជាក់ថា «ការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ គឺមិនសមហេតុផលទាំងស្រុង ហើយប្រឆាំងនឹងស្មារតីនៃមិត្តភាពយូរអង្វែង និងជាមូលដ្ឋានរបស់ប្រទេសទាំងពីរ ផ្ទុយនឹងផលប្រយោជន៍នៃភាពជាដៃគូសេដ្ឋកិច្ចរបស់យើង»។
ប៉ុន្តែលោកនិយាយថា «ការដាក់ពន្ធឆ្លើយតបទៅលើអាមេរិកវិញ អាចត្រឹមតែធ្វើឱ្យតម្លៃសម្រាប់អ្នកប្រើប្រាស់អូស្ត្រាលីកើនឡើង និងជំរុញអតិផរណាប៉ុណ្ណោះ។ អ្នកដែលរងគ្រោះ គឺជាអ្នកប្រើប្រាស់»។ តាមលោក Albanese អូស្រ្តាលីនឹងបន្តបញ្ចុះបញ្ចូលរដ្ឋបាលអាមេរិកឱ្យបន្ធូរបន្ថយ ហើយរូបលោកកំពុងស្នើ ឱ្យមានការជជែកគ្នាតាមទូរស័ព្ទជាមួយ លោក ត្រាំ តែមិនធ្វើដំណើរទៅសហរដ្ឋអាមេរិកនោះទេ៕