(ហ្សឺណែវ)៖ តាមទិន្នន័យពីក្រុមហ៊ុនតាមដានគុណភាពខ្យល់ IQAir របស់ស្វីស កាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺមានតែប្រទេសចំនួន ៧ប៉ុណ្ណោះ ដែលបានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំមុន ខណៈក្រុមអ្នកស្រាវជ្រាវព្រមានថា ការដោះស្រាយបញ្ហាផ្សែងអ័ព្ទនឹងកាន់តែពិបាកទៅ បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ចប់កិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យជាសកលរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ ២០២៥។
ឆាដ និងបង់ក្លាដែស ជាប្រទេសបំពុលបរិយាកាសខ្លាំងលើពិភពលោក កាលពីឆ្នាំ ២០២៤ ជាមួយនិងកម្រិតផ្សែងអ័ព្ទខ្ពស់ជាង ១៥ដងពីការកំណត់របស់ WHO។ មានតែ អូស្រ្តាលី នូវែលសេឡង់ បាហាម៉ា បាបាដុស ហ្រ្គើណាដ អេស្តូនី និងអៀរឡង់ ដែលទទួលបានចំណាត់ថ្នាក់ល្អ។
អ្វីដែលត្រូវកត់សម្គាល់ពីទិន្នន័យនេះ ពិសេសនៅអាស៉ី និងអាហ្រ្វិក បង្ហាញឱ្យពិភពលោកដឹងថា ប្រទេសកំពុងអភិវឌ្ឍជាច្រើន ពឹងផ្អែកលើឧបករណ៍ចាប់សញ្ញាគុណភាពខ្យល់ ដែលបំពាក់នៅតាមស្ថានទូត និងស្ថានកុងស៊ុលអាមេរិក ដើម្បីតាមដានកម្រិតផ្សែងអ័ព្ទរបស់ពួកគេ។ យ៉ាងនេះក្តី ក្រសួងការបរទេសអាមេរិក បានបញ្ចប់គម្រោងនោះ ដោយលើកឡើងពីឧបសគ្គថវិកា។ ទិន្នន័យរយៈពេលជាង ១៧ឆ្នាំ ត្រូវបានដកចេញពីគេហទំព័រត្រួតពិនិត្យគុណភាពខ្យល់ផ្លូវការរបស់រដ្ឋាភិបាលអាមេរិក កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុដោយសារតែបញ្ហាខ្យល់កង្វក់ កំពុងតែកើនឡើង ដោយអ្នកស្រាវជ្រាវដូចជា លោកស្រី Chester-Schroeder ព្រមានថា ការឡើងកំដៅផែនដីបណ្តាលឱ្យមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ និងដែលបានលេបត្របាក់ផ្នែកខ្លះនៃតំបន់អាស៉ីអាគ្នេយ៍ និងអាមេរិកខាងត្បូង៕