(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អំពើហិង្សាប្រឆាំងនឹងក្រុមហ៊ុន Tesla នឹងត្រូវបានចាត់ទុកជាអំពើភេរវកម្មក្នុងស្រុក ហើយជនល្មើសនឹងត្រូវទទួល ទោសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃទី១២ ខែមីនា​ឆ្នាំ២០២៥។

លោក ត្រាំ ធ្វើការកត់សម្គាល់ខាងលើកាលពីថ្ងៃអង្គារ ទី១១ ខែមីនា ជាការបង្ហាញការគាំទ្រដល់ប្រធានក្រុមហ៊ុន Tesla លោក Elon Musk ដែលជាសម្ព័ន្ធមិត្តរបស់លោក ខណៈក្រុមសកម្មជន មួយចំនួន បាននាំគ្នាធ្វើការតវ៉ាប្រឆាំង និងសម្ដែងការមិនពេញចិត្តចំពោះតួនាទីរបស់លោក Elon Musk នៅក្នុងការកាត់បន្ថយបុគ្គលិករដ្ឋាភិបាល និងការលុបចោលកម្មវិធីមនុស្សធម៌ជាច្រើន។ លោក Elon Musk ដែលជាអ្នកមានជាងគេបំផុតនៅលើពិភពលោកសព្វថ្ងៃ គឺជាអ្នកដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក Trump ឬហៅកាត់ថា DOGE។

ថ្លែងចេញពីសេតវិមាននៅអមដោយលោក Musk លោក ត្រាំ បានលើកឡើងថា «ពួកគេកំពុងគំរាមកំហែងដល់ក្រុមហ៊ុន ដ៏អស្ចារ្យបំផុតរបស់សហរដ្ឋអាមេរិក។ ដូច្នេះទុកឱ្យខ្ញុំប្រាប់អ្នកថា បើអ្នក ធ្វើគំរាមកំហែងដល់ Tesla និងអ្នកធ្វើបែបនេះដាក់ក្រុមហ៊ុនផ្សេងទៀត នោះយើងនឹងតាមចាប់អ្នក ហើយអ្នកនឹងត្រូវទទួលទោសធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា ការគាំទ្ររបស់លោក ត្រាំ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើង ៤ភាគរយ៕