(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះថា លោកនឹងដំឡើងពន្ធលើផលិតផលដែក និងអាលុយមីញ៉ូមទាំងអស់ដែលនាំចូលពីប្រទេសកាណាដាដល់ ៥០ភាគរយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការប្រកាសដំឡើងពន្ធនេះ ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ខេត្ត Ontario របស់កាណាដា ក្នុងការដំឡើងពន្ធលើអគ្គិសនីដែលនាំចូលពីសហរដ្ឋអាមេរិកដល់ ២៥ភាគរយ។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា លោកបានណែនាំរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឲ្យបន្ថែមពន្ធ ២៥ភាគរយទៀត លើផលិតផលទាំងនោះ ដោយនឹងចូលជាធរមាននៅព្រឹកថ្ងៃពុធ។
បន្ថែមពីលើនេះ ប្រធានាធិបតីអាមេរិករូបនេះ បានទាមទារឲ្យកាណាដាទម្លាក់ចុះនូវពន្ធលើផលិតផលទឹកដោះគោរបស់សហរដ្ឋអាមេរិកជាបន្ទាន់ ដែលមានចន្លោះពី ២៥០% ទៅ ៣៩០% ដោយហៅពន្ធទាំងនោះថាជា «ការខឹងសម្បារ»។
លោកក៏បានគំរាមថានឹង «ដំឡើងពន្ធយ៉ាងខ្លាំង» លើរថយន្តដែលនាំចូលពីកាណាដានៅថ្ងៃទី ២ ខែមេសា ប្រសិនបើកាណាដាមិនព្រមបញ្ចុះពន្ធរយៈពេលវែង (ដែលមានស្រាប់) ផ្សេងទៀតមកលើសហរដ្ឋអាមេរិក៕