(អារ៉ាប៊ីសាអូឌីត)៖ នាថ្ងៃអង្គារ ទី១១ ខែមីនា ជំនួបពិភាក្សារវាងក្រុមមន្រ្តីអ៊ុយក្រែននិងអាមេរិក បានចាប់ផ្តើមនៅអារ៉ាប៊ីសាអូឌីត ស្តីពីការស្វែងរកផ្លូវឆ្ពោះទៅបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ខណៈជំនួបនេះកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីកងកម្លាំងរបស់ទីក្រុងកៀវ បានធ្វើសកម្មភាព​វាយប្រហារដោយប្រើយន្តហោះដ្រូន ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានលើរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី សង្ឃឹមថា កិច្ចពិភាក្សានៅទីក្រុង Jeddah នឹងជួយស្តារឡើងទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបបរាជ័យជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងខែមុន ហើយលោក ហ្សេលេនស្គី ក៏បានស្នើចង់ឱ្យមានបទឈប់បាញ់ជំហានដំបូងជាមួយរុស្ស៉ី តាមផ្លូវអាកាស និងសមុទ្រផងដែរ។ សំណើរបស់លោក ហ្សេលេនស្គី មានគោលដៅចង់បង្ហាញថា រូបលោកកំពុងធ្វើការឆ្ពោះទៅរកគោលដៅរបស់លោក​ ត្រាំ ដែលចង់បញ្ចប់សង្រ្គាមឱ្យបាន​ឆាប់រហ័ស បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានចោទលោកប្រធានាធិបតីអ៊ុយក្រែនថា មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាព។

ចាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចមក អាមេរិកដែលជាអ្នកគាំទ្រចម្បងរបស់ទីក្រុងកៀវ បានផ្លាស់ប្តូរនយោបាយរបស់ខ្លួន​មួយទំហឹង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ហើយបានផ្តោតរិះគន់ និងដាក់សម្ពាធលើអ៊ុយក្រែន រួមមានទាំងការផ្អាកផ្តល់ជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់។ កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយថា កិច្ចពិភាក្សានៅ Jeddah ជាមួយ​ទីក្រុងកៀវ នឹងមានសារសំខាន់ ដើម្បីវាស់ស្ទង់ថា តើអ៊ុយក្រែនមានឆន្ទៈធ្វើសម្បទានដែរឬទេ ដើម្បីអាចសម្រេចបានសន្តិភាព។

គួរបញ្ជាក់ថា នាវេលាទាបភ្លឺថ្ងៃអង្គារនេះ រុស្ស៉ីបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន សរុបរហូតដល់ទៅចំនួន៣៣៧គ្រឿង ក្នុងនោះ៩១គ្រឿង នៅតំបន់មូស្គូ ខណៈមនុស្សយ៉ាងហោច២នាក់បានស្លាប់ ហើយគ្រោះអគ្គិភ័យបានកើតឡើង ខណៈជើងហោះហើរ និងសេវាកម្មរថភ្លើងមួយចំនួន បានរងការប៉ះពាល់។ ពេលវេលានៃការវាយប្រហារនោះ ហាក់ចង់បង្ហាញ​ឱ្យឃើញពីសមត្ថភាពរបស់ទីក្រុងកៀវ ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើរុស្ស៉ី បន្ទាប់ពីរុស្ស៉ីបានវាយប្រហារមីស៉ីលនិងដ្រូន​ជាបន្តបន្ទាប់ទៅលើខ្លួន រួមមានទាំងករណីវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលស្លាប់មនុស្សយ៉ាងហោច១៤នាក់ ។ លោក ហ្សេលេនស្គី បានអំពាវនាវឱ្យសម្ព័ន្ធមិត្តនៅអឺរ៉ុប ជួយគាំទ្រគំនិតបទឈប់បាញ់ផ្លូវអាកាស និងផ្លូវសមុទ្ររបស់លោក ដែលរូបលោកអះអាងថា នឹងបម្រើជាឱកាសដើម្បីស្ទាបស្ទង់ឆន្ទៈពិតប្រាកដរបស់រុស្ស៉ី ក្នុងការបញ្ចប់សង្រ្គាម៕