(ហ្សាការតា)៖ ប្រធានបេសកកម្មនៅទីក្រុងហ្សាការតា បានប្រាប់ Reuters នៅថ្ងៃទី១១ ខែមីនានេះថា ទីភ្នាក់ងារអង្គការសហប្រជាតិទទួលបន្ទុកជនភៀសខ្លួន បានចាប់ផ្តើមការផ្តល់ជំនួយមនុស្សធម៌ដល់ជនជាតិរ៉ូហ៉ីងយ៉ា នៅក្នុងប្រទេសឥណ្ឌូណេស៉ីឡើងវិញហើយ។
បើតាម UN មានជនជាតិរ៉ូហ៉ីងយ៉ាប្រហែល ២ ៨០០នាក់ នៅឥណ្ឌូណេស៉ី។ លោក Jeff Labovitz ប្រធានបេសកកម្មនៃអង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុកប្រចាំនៅឥណ្ឌូណេស៉ី បានបញ្ជាក់ថា មានការផ្តល់សេវាឡើងវិញដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា នៅក្នុងទីក្រុង Pekanbaru នៃកោះស៊ូម៉ាត្រាភាគខាងលិច។ ទោះជាមិនផ្តល់ព័ត៌មានលម្អិត លោក Labovitz និយាយថា «កម្មវិធីដ៏ធំបំផុតរបស់យើងក្នុងការផ្តល់ជំនួយមនុស្សធម៌ ត្រូវបានបញ្ចូលឡើងវិញហើយ។ ខ្ញុំអាចបញ្ជាក់បានថា មិនមានការកាត់បន្ថយសេវាដែលគ្រោងទុកនាពេលបច្ចុប្បន្ននេះទេ»។
គួរបញ្ជាក់ថា ការចាប់ផ្តើមនេះបានធ្វើឡើងបន្ទាប់ពីសេចក្តីការណ៍របស់ Reuters កាលពីសប្តាហ៍មុន ដែលថាទីភ្នាក់ងារនេះ ត្រូវបានបង្ខំឱ្យកាត់បន្ថយជំនួយដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៩០០នាក់ ដោយសារតែមានការកាត់បន្ថយមូលនិធិយ៉ាងច្រើន ពីសហរដ្ឋអាមេរិកដែលជាម្ចាស់ជំនួយដ៏ធំ៕