(ឡុងដ៍)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា រូបលោកសង្ឃឹមថា កិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីត នាថ្ងៃអង្គារ ទី១១ ខែមីនា នឹងទទួលបានលទ្ធផលវិជ្ជមាន ហើយជំរុញឱ្យទីក្រុងវ៉ាស៉ីនតោនបញ្ចប់ទៅវិញ នូវការផ្អាកផ្តល់ជំនួយយោធា និងព័ត៌មានសម្ងាត់ដល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យលោក Starmer បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្រ្តីអង់គ្លេស បានបង្ហាញក្តីសង្ឃឹមថា វានឹងមាន​លទ្ធផលវិជ្ជមានកើតចេញពីជំនួបពិភាក្សានោះ ដែលនឹងជំរុញឱ្យការផ្តល់ជំនួយយោធា និងការចែករំលែកការណ៍សម្ងាត់របស់អាមេរិក អាចចាប់ផ្តើមឡើងវិញ។ បើតាមអ្នកនាំពាក្យ ក្រុមមន្រ្តីអង់គ្លេស កាលពីចុងសប្តាហ៍មុន ក៏បានជជែកជាមួយក្រុមមន្រ្តីអ៊ុយក្រែនផងដែរ ហើយពួកគេប្តេជ្ញាចំពោះសន្តិភាពមួយ ដែលឋិតថេរយូរអង្វែង។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ក្រុមមន្រ្តីអាមេរិក ត្រូវជួបជាមួយក្រុមមន្រ្តីអ៊ុយក្រែន ដើម្បីប៉ះប៉ូវទំនាក់ទំនងឡើងវិញ ហើយស្ទាបស្ទង់​ឆន្ទៈរបស់អ៊ុយក្រែន ក្នុងការធ្វើសម្បទាន ក្រោមកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់​សង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ វាគឺជាជំនួបលើកដំបូងរវាងក្រុមមន្រ្តីនៃប្រទេសទាំងពីរ ចាប់តាំងពីជម្លោះពាក្យសម្តីរវាង​លោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅសេតវិមាន ហើយក្រោយមក អាមេរិកបានផ្អាកជំនួយយោធា និងការផ្តល់ព័ត៌មានសម្ងាត់ ដល់ទីក្រុងកៀវ៕